ភ្នំពេញ៖ តាមរយៈវីដេអូឃ្លីបរយៈពេល១នាទី និង៤១វិនាទី ដែលគេថតបានរយៈពេលមួយខែមកហើយនោះគឺកើតឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅបានបង្ហាញនូវសកម្មភាពរបស់ក្រុមជនដៃដល់មួយក្រុមវាយតប់បោចសក់ ទាត់ធាក់ស្ត្រីរងគ្រោះម្នាក់ផ្ទប់នឹងឥដ្ឋការ៉ូ ច្របាច់កយ៉ាងព្រៃផ្សៃគ្មានក្តីមេត្តា។ បើកុំតែបានម្ចាស់ហាង និងសន្តិសុខបុរីអង្គរភ្នំពេញទៅជួយទាន់ កុំអីស្ត្រីរងគ្រោះអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតក៏មិនដឹង។
បន្ទាប់ពីរឿងហេតុនេះកើតឡើង ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញឲ្យជួយចាត់ការតាមច្បាប់ក្រោយដឹងថាជនដៃដល់ជាមន្ត្រីថ្នាក់អនុប្រធាននាយកដ្ឋានម្នាក់ប៉ុនប៉ង សម្លាប់ស្ត្រីរងគ្រោះបំបិទមាត់ដោយសារតែជំពាក់បំណុលចំនួន២៥.០០០ដុល្លារ មិនព្រមសង ហើយត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាឲ្យចាប់ខ្លួនរួចបញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចោទប្រកាន់តាមផ្លូវច្បាប់ជាក្រោយ ។
មន្ត្រីនគបាលព្រហ្មទណ្ឌរាជាធានីភ្នំពេញមួយរូបបានឲ្យដឹងថា ជនដៃដល់ដែលបាន ឃាត់ខ្លួនឈ្មោះ ប្លុង ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ ជាអនុប្រធាននាយកដ្ឋានយុវនីតិសម្បទានៃក្រសួងសង្គមកិច្ចអតីតយុទ្ធ ជន និងយុវនីតិសម្បទា ស្នាក់នៅផ្ទះលេខ ១០និងលេខ១២ នៅបុរីពិភពថ្មីសែនសុខ ផ្លូវលេខ១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ។ ចំណែកបក្ខពួកជនដៃដល់២នាក់ ទៀតបានរត់គេចខ្លួនក្រោយពីប្រព្រឹត្តអំពើព្រៃផ្សៃលើជនរងគ្រោះជានារីភេទរួចមក។
ប្រភពពីមន្រី្តនគរបាលដដែលបានឲ្យដឹងទៀតថា ក្រុមជនដៃដល់បានប្រព្រឹត្តទៅលើជនរងគ្រោះនេះតាំងពីថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ២០១៧មកម្លេ៉ះនៅចំណុចភោជនីយដ្ឋានមួយទល់មុខបុរីអង្គរភ្នំពេញ ក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលរាជធានី និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញទើបព្រះរាជអាជ្ញាបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនជនដៃ ដល់យកទៅអនុវត្តតាមច្បាប់ ។
ចំណែកស្ត្រីរងគ្រោះដែលត្រូវគេវាយ ប៉ុនប៉ងសម្លាប់បំបិទមាត់នេះដោយសារតែជនដៃដល់ជំពាក់ប្រាក់ចំនួន២៥.០០០ ដុល្លាររបស់ឈ្មោះ ស រ អាយុ២៨ឆ្នាំ មាន មុខរបរជាអ្នកលក់ដូរ រស់នៅក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នៅថ្ងៃកើតហេតុជនដៃដល់ឈ្មោះ ប្លុង ពិសិដ្ឋ ដែលជាអ្នកជំពាក់ប្រាក់ជនរងគ្រោះ បានណាត់ជនរងគ្រោះឲ្យចេញទៅក្រៅ ដើម្បីនិយាយគ្នាដោយឈ្មោះ ប្លុង ពិសិដ្ឋ បើករថយន្តម៉ាកម៉ាស្ដា ពណ៌ស ពាក់ ស្លាកលេខភ្នំពេញ 2AB-4800ទៅដឹកជន រងគ្រោះនៅផ្សារសុីឡឹប ហើយបើកទៅ សង្កាត់ភ្នំពេញថ្មីដឹកមិត្តភក្តិឈ្មោះគង់ ស្រុីន យកទៅភោជនីយដ្ឋានមួយកន្លែងនៅទល់មុខបុរីអង្គរភ្នំពេញ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ។ នៅពេលទៅដល់មិនទាន់បាន និយាយគ្នារឿងលុយជំពាក់ផងជនរងគ្រោះ ក៏បានសុំឈ្មោះ ប្លុង ពិសិដ្ឋ មកផ្ទះមួយភ្លែត ដោយសារមានធុរៈបន្ទាន់។ លុះដល់ម៉ោង ប្រមាណ៩និង២០នាទីយប់ទើបជនរងគ្រោះត្រឡប់មកវិញក៏ឃើញឈ្មោះ ប្លុង ពិសិដ្ឋ ឈ្មោះ គង់ ស្រុីន និងបក្ខពួកម្នាក់ ទៀតឈ្មោះ ខៀវ កំពុងនៅអង្គុយចាំខ្លួននៅកន្លែងដដែល ។
ប្រភពព័តមានបានឲ្យដឹងទៀតថា ពេលជនរងគ្រោះត្រឡប់មកវិញមិនទាន់បាន អង្គុយចុះផង ស្រាប់តែឈ្មោះ ប្លុង ពិដិដ្ឋ ស្ទុះទៅវាយស្ត្រីរងគ្រោះកណ្ដាលមុខ បណ្ដាលឲ្យដួល ហើយបន្តវាយបោចសក់ ចាប់បោកផ្ទប់នឹងតុបោកផ្ទប់នឹងឥដ្ឋការ៉ូ ចាប់ច្របាច់កបំណងសម្លាប់ចោលបណ្ដាលឲ្យមានការភ្ញាក់ផ្អើលពេញហាង។ ពេល ឃើញសកម្មភាពព្រៃផ្សៃដូច្នេះម្ចាស់ហាង និងអ្នករត់តុបានចូលទៅជួយធ្វើអន្តរាគមន៍ ទើបក្រុមជនដៃដល់រត់គេចខ្លួនពីកន្លែង កើតហេតុបាត់អស់ទៅ។ លុះដល់ថ្ងៃទី៧ ខែកញ្ញាទើបជនរងគ្រោះទៅដាក់ពាក្យ បណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យជួយរកយុត្តិធម៌ហើយមកដល់ថ្ងៃទី៥ ខែតុលាឆ្នាំ ២០១៧ ទើបចាប់ខ្លួនបានតាមដីការបស់តុលាការ ៕ ប្រាថ្នា