ខេត្តស្វាយរៀង៖ ដោយសារមានជំងឺរ៉ាំរ៉ៃជាយូរឆ្នាំហើយមើលមិនជានោះ បុរសវ័យចំណាស់ដាច់ចិត្តចងកលើមែកដើមស្វាយចន្ទី ក្រោយពីប្រពន្ធ កូនសាច់ញាតិធ្វើបុណ្យសែនព្រេនសុំសេក្តីសុខឲ្យជនរងគ្រោះបានជាពីជំងឺបានមួយថ្ងៃ។
ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ កណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។
បើតាមចៅប្រុសរបស់ជនរងគ្រោះមានឈ្មោះ ប៉ាង មករា ឲ្យដឹងថា៖ នៅមុនពេលកើតហេតុម៉ោងប្រហែល៦ជាង ងើបពីដំណេក បាត់ជីតា ក៏នាំគ្នាដើររក។
ប្រភពដដែលបានឲ្យដឹងទៀតថា៖ លុះដល់ម៉ោង៧:០០ព្រឹក ថ្ងៃ ខែ ឆ្នាំខាងលើ រូបគេដើរទៅខាងក្រោយផ្ទះចង្ងាយប្រហែល១០០ម៉ែត្រ ស្រាប់តែឃើញជីតាចងកនៅលើមែកស្វាយចន្ទី ដោយជើងនៅត្រាំក្នុងទឹកត្រឹមកំភួនជើងស្លាប់បាត់មិនដឹងតាំងពីស្មើរណាទៅហើយ ក៏រត់ប្រាប់យាយឪពុកម្តាយនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីពិនិត្យសាកសព។
ប្រភពព័ត៌មានថា៖ នៅថ្ងៃទី៦មុនថ្ងៃកើតហេតុមួយថ្ងៃ គឺមានពិធីសែនព្រេនឲ្យជនរងគ្រោះសុំក្តីសុខ និងឲ្យអ្នកជំងឺបានឆាប់ជាពីជំងឺ ដែលមើលច្រើនឆ្នាំហើយនោះ នៅតែមិនជា ហើយជនរងគ្រោះទៅចងកមិនដឹងថា ទៅចងកតាំងពីស្មើណានោះដែរ ព្រោះរកសពឃើញម៉ោង៧ព្រឹកទៅហើយ។
ជនរងគ្រោះខាងលើមានឈ្មោះ កុយ សាមិត្ត អាយុ៦៨ ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ មានកូនចំនួន៦នាក់ ប្រុស៤នាក់ និងស្រី២នាក់។
ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពរួចមក ដោយគ្មានស្លាកស្នាមអ្វីនោះទេ គឺពិតជាចងកដើម្បីបញ្ចប់ជីវិតដោយខ្លួនពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រភពមួយទៀតក្រៅផ្លូវការពីអ្នកភូមិនិយាយថា៖ ជនរងគ្រោះចាស់ហើយមានជំងឺទៀត ធ្វើអីពុំកើតផង ម្តេចក៏ដើរទៅចងករួចប្រហែលជាមានខ្មោចនាំទៅចងកហើយ ព្រោះអីខាងក្រោយផ្ទះជនរងគ្រោះចង្ងាយប្រហែល១០០ម៉ែត្រ គឺទឹកលិចលើក្បាលជង្គង់ឯណោះ អ្នកធម្មតាដើរស្ទើរពុំរួចផង ទម្រាំជនរងគ្រោះជាមនុស្សមានជំងឺទៀត នេះបើតាមជំនឿពីអ្នកភូមិជឿ និងមានជំនឿតៗគ្នា៕ យឹម សុថាន