ខេត្តកំពង់ស្ពឺ៖ លោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋ ខណៈដែលលោកកំពុង រំលោភយកដីចំណីស្ទឹងព្រែកត្នោតដោយ មិនបានប្រាប់ទៅអាជ្ញាធរនោះឡើយ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧គេសង្កេតឃើញមានរថយន្ត ដឹកថ្ម និងគ្រឿងចក្របានរុញដុំថ្មធំៗចូលទៅក្នុងស្ទឹងព្រែកត្នោតតាមបណ្តោយផ្លូវ ជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ត្រង់ភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដើម្បីរំលោភយកធ្វើកម្មសិទ្ធិបន្តទៀត ប៉ុន្តែបែរជាប្រធានមន្ទីរធនធាន ទឹកឆ្លើយថា សកម្មភាពចាក់ថ្មនេះដើម្បី ទប់ច្រាំងស្ទឹងកុំឱ្យបាក់ដីដល់ផ្ទះប្រជាពលរដ្ឋទៅវិញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យ ដឹងថា ទីតាំងដីមួយកន្លែងរបស់ឈ្មោះប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត កំពង់ស្ពឺបានទិញធ្វើជាកម្មសិទ្ធិខណៈដែល ដីនោះជាដីចំណីស្ទឹងព្រែកត្នោតនិងមួយ ចំណែកទៀតជាដីចំណីថ្នល់ជាតិលេខ៤ដោយគ្មានបណ្ណកម្មសិទ្ធិនោះទេគឺមានតែបង្កាន់ដៃដឹងឮត្រឹមភូមិ-ឃុំប៉ុណ្ណោះ។ លោក ប្រធានមន្ទីររូបនេះបានធ្វើសកម្មភាពចាក់ដីរំលោភយកដីចំណីស្ទឹងរបស់រដ្ឋជាច្រើនឆ្នាំកន្លងមកហើយៗកន្លងមកអាជ្ញាធរធ្លាប់ហាមឃាត់ដែរតែគ្មានប្រសិទ្ធភាពទេ ព្រោះគាត់អាងខ្លួនជាប្រធានមន្ទីរថ្លើមធំហ៊ាន រំលោភដីចំណីស្ទឹងនិងផ្លូវបែបនេះ ។
លោក ស៊ីម រតនៈ អភិបាលស្រុកសំរោង ទងបានថ្លែងថា ករណីលោក ប៊ិញ ជីវតុង ចាក់ថ្មចូលស្ទឹងនោះអាជ្ញាធរបានដឹងដែរ ប៉ុន្តែខាងមន្ទីរហាក់ធ្វើមិនដឹងមិនឮនោះទេ។ លោកបានបន្តថា ដោយបុគ្គលម្នាក់នេះអាងខ្លូនជាមន្ត្រីធំម្នាក់ចង់ធ្វើអ្វីមិនដែល ប្រាប់អាជ្ញាធរទេ ហើយរង់ចាំមើលមន្ត្រី ជំនាញធនធានទឹកគិតយ៉ាងម៉េចវិញ ។
លោកអភិបាលស្រុកបានបន្តទៀតថា កន្លែងដែលលោក ប៊ិញ ជីវតុង កំពុងចាក់ថ្ម នោះគឺកម្លាំងទឹកហូរបុកខ្លាំងបណ្តាលឱ្យបាក់ដីដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅ ខាងក្រោមបើចាក់ទៅក៏អាចជួយទប់ម្យ៉ាងដែរ ។
លោក ញាញ ជៀបហ័រ ប្រធានមន្ទីរធន ធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថា ចំពោះការយកដុំថ្មមកចាក់លុបច្រាំងស្ទឹងខាងលើរបស់លោក ប៊ិញ ជីវតុង នេះជាកន្លែងមុខទឹកបុកខ្លាំងបណ្តាល ឱ្យបាក់ដី និងម្ខាងទៀតដីដុះ។ ចំណែកមុខ ទឹកដែលបុកនោះបណ្តាលឱ្យបាក់ដីជិត ដល់ផ្ទះប្រជាពលរដ្ឋហើយពួកគាត់បាន សំណូមពរដល់មន្ទីរឱ្យជួយ ប៉ុន្តែមន្ទីរធនធានទឹកមិនទាន់មានលទ្ធភាពទើបពឹងពាក់ទៅលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តដែលកំពុងអាស្រ័យផលលើដីចំណីស្ទឹងរបស់រដ្ឋនោះជួយចាក់ទប់ បណ្តោះអាសន្ន ។
លោក ញាញ ជៀបហ័រ បានបន្តថា ការ ចាក់នេះដើម្បីទប់បណ្តោះអាសន្នទម្រាំ ដល់រដូវប្រាំងបើមានលទ្ធភាពនឹងយកថ្ម តម្រៀបតាមលក្ខណៈបច្ចេកទេស ហើយ ការចាក់ថ្មរបស់លោក ប៊ិញ ជីវតុងនេះ ខាងមន្ទីរ របស់លោកជាអ្នកពឹងពាក់ទេ ៕ ហេង សូរិយា