ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិអមដំណើរដោយមន្រ្តីក្រោមឱវាទជាច្រើនបាន ចុះទៅដល់គោលដៅបង្កប់គ្រាប់បែកគីមី ដែលបន្សល់ពីសង្គ្រាមដោយទ័ពសហរដ្ឋអាមេរិកនៅឃុំគគីរ ស្រុករមាសហែក ខេត្ត ស្វាយរៀង ។
សម្តេចពិជ័យសេនា ទៀ បាញ់ បាន បង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកដែលមិនបានចូលរួមខ្វាយ ខ្វល់ ឬអើពើរឿងគ្រាប់បែកគីមីរបស់ខ្លួន ដែលស្ថិតនៅលើទឹកដីកម្ពុជាក្នុងសម័យដែលខ្លួនបានបង្កឲ្យមានសង្គ្រាមនៅកម្ពុជានោះ ។
តាមការលើកឡើងរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអាជ្ញា ធរសកម្មភាពកំចាត់មីនកម្ពុជាបានលើកឡើងថា គ្រាប់បែកគីមីដែលស្ថិតនៅក្រោមដីក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយ រៀងបាននិងកំពុងបំផ្លាញសុខភាពប្រជា ជនខ្មែរយ៉ាងខ្លាំង ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានអះ អាងថា បើទោះជាគ្មានការអើពើ និងចូល រួមពីអាមេរិកក៏ដោយកម្ពុជាខ្លួនឯងក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកដោះនិងសម្អាតគ្រាប់បែកគីមីទាំងនោះឲ្យអស់ដើម្បី សុវត្ថិភាព និងសេចក្តីសុខសាន្តរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់។ សម្តេចបានបន្ត ថា «យើងពិតជាអាក់អន់ចិត្តខ្លាំងណាស់ ដែលគេមកបំផ្លិចបំផ្លាញប្រទេសយើង ហើយមិនសហការចូលរួមដោះស្រាយ នៅមិនអស់ចិត្តទៅបង្គាប់បញ្ជាឲ្យអ្នកផ្សេងចង់មកបំផ្លាញប្រទេសយើងទៀត»។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន មាន ប្រសាន៍ទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជាថា គួរទៅពិនិត្យមើលគ្រាប់ បែកគីមីដែលត្រូវបានរកឃើញនៅខេត្តស្វាយរៀងវិញប្រសើរជាងទារលុយថ្លៃគ្រាប់បែកគីមីនេះ។ សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាបានទទួលបទពិសោធន៍គ្រប់គ្រាន់ហើយទៅលើសង្រ្គាមដែលបានបង្កដោយបរទេសនៅពីក្រោយខ្នង។ ជាក់ស្តែងគ្រាប់ បែកគីមីដែលនៅសេសសល់នេះជាសំណល់ នៃសង្រ្គាមដែលអាមេរិកបានទម្លាក់គ្រាប់បែកជាច្រើននៅលើទឹកដីកម្ពុជា ។
សម្តេចតេជោបានបញ្ជាក់ថា «អាមេរិកគួរតែផ្តល់លុយដើម្បីយកគ្រាប់បែកទាំង អស់នេះពីលើទឹកដីខ្មែរប្រសើរជាងមកទារលុយថ្លៃគ្រាប់បែកពីកម្ពុជានោះ។ ទូតអាមេ រិកគួរផ្តោតការយកចិត្តទុកដាក់ទៅលើគ្រាប់ បែកគីមីនៅខេត្តស្វាយរៀងនោះថា តើគួរ ធ្វើយ៉ាងណា? បើទុកមនុស្សមានការភ័យ ខ្លាចបើដុតបំផ្លាញនោះវាមានសារធាតុគីមីគ្រោះថ្នាក់ធ្វើឱ្យមនុស្សស្លាប់ និងកើតមេ រោគផ្សេងៗ»៕ ហេង សូរិយា