ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលមន្ត្រីជំនាញ និងអាជ្ញាធរស្រុកព្រៃកប្បាសដឹកដៃគ្នាទៅឱនលំទោនយកលុយពីលោក ធាន វុទ្ធី

ចែករំលែក៖

ខេត្តតាកែវ៖ ក្រុមអ្នកលេងបណ្ដាញ សង្គមហ្វេសប៊ុកកាលពីព្រឹកម្សិលមិញបាន បង្ហោះសារ និងរូបភាពជាច្រើនដោយរិះគន់ ថា ក្រុមមន្ត្រីជំនាញខេត្តតាកែវក៏ដូចជា អាជ្ញាធរស្រុកព្រៃកប្បាសដែលចុះទៅត្រួតពិនិត្យសំណុំរឿងរបស់បុរសម្នាក់ដែលតាំង ខ្លួនធ្វើជាព្រះអរហន្តដែលនាំឲ្យកើតមាន បញ្ហាវឹកវរបែរទៅជាឱនលំទោនទទួលការដាក់ទានលុយបន្តិចបន្តួចពីបុរសរូបនោះទៅវិញ ។

នៅក្នុងឃ្លីបវីដេអូដែលត្រូវបានគេ បង្ហោះគេឃើញមានលោក ទុយ គឹមស្រ៊ាង អភិបាលរងស្រុកព្រៃកប្បាស និងលោក ជួង វ៉ាង ប្រធានមន្ទីរធម្មការ និងសាសនា រួមទាំងមន្ត្រីសមត្ថកិច្ចមួយចំនួនផងដែរ ទទួលបញ្ជាឲ្យចុះទៅត្រួតពិនិត្យជុំវិញ សំណុំរឿងបុរសតាំងខ្លួនជាព្រះរូបនោះបែរ ជាទៅឱនលំទោនលើកដៃទទួលលុយបន្តិចបន្តួចដែលបុរសនោះចែកឲ្យជារបៀប ចែកលុយឲ្យកូនក្មេងសម្រាប់ទិញនំចំណីដោយចំហ ។

លោក អុិត សា អភិបាលស្រុកព្រៃ កប្បាសបានប្រាប់ថា លោកពិតជាបាន បញ្ជាឲ្យលោក ទុយ គឹមស្រ៊ាង ចុះទៅ ស៊ើបអង្កេតលើករណីបុរសឈ្មោះ ធាន វុទ្ធី ដែលតាំងខ្លួនជាព្រះអរហន្តនោះមែន ដោយមិនមែនឲ្យទៅទទួលលុយពីគេទេ ប៉ុន្តែបើដូច្នេះមែនលោកនឹងចាត់វិធានការអប់រំ។ ចំណែកលោក ជួង វ៉ាង ទុកឲ្យ ក្រសួងធម្មការជាអ្នកដោះស្រាយ ។

គួរបញ្ជាក់ថា ករណីនេះបានកើតឡើងបន្ទាប់ពីមានការរិះគន់យ៉ាងចម្រូងចម្រាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកទៅលើ បុរសម្នាក់ដែលបានអះអាងខ្លួនឯងជាព្រះអរហន្ត ហើយបានដាក់ព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ពីក្រោមដែលជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដល់ព្រះមហាក្សត្រខ្មែរនោះ៕ ភ្នំដា

 

 

 


ចែករំលែក៖