ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញចាក់ដីរំលោភយកចំណីផ្លូវ និងស្ទឹង ដោយសំអាងថាបានទិញពីលោកអភិបាលរងស្រុកពារាំងជាង១ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តព្រៃវែង៖ ពលរដ្ឋនៅភូមិជ្រៃ ឃុំ រាប ស្រុកពារាំងបម្រុងផ្ទុះការតវ៉ាមួយបន្ទាប់ ពីមានថៅកែខារ៉ាអូខេម្នាក់បានជួលគ្រឿងចក្រមកចាក់ដីរំលោភយកដីចំណីផ្លូវ សាធារណៈមាត់អូរនៅជាប់ខាងជើងគល់ស្ពានជ្រៃដោយសំអាងថាខ្លួនបានទិញដីនេះពីលោក អ៊ុម វណ្ណធឿន អភិបាលរងស្រុកពារាំងក្នុងតម្លៃជាង១ម៉ឺនដុល្លារ ។

លោក សៀន ហុង ប្រជាពលរដ្ឋរស់នៅ ក្បែរនោះបានឲ្យដឹងថា ដីដែលគេកំពុងចាក់ រំលោភយកនោះពិតជាដីសាធារណៈប្រាកដ មែនតែបានផ្អាកចាក់រយៈពេល៣ថ្ងៃហើយ ព្រោះមេឃភ្លៀងថែមទាំងបាក់ដីចូលស្ទឹងទៀត។ ទង្វើបែបនេះធ្វើឲ្យពលរដ្ឋអស់ ជំនឿលើអាជ្ញាធរ ព្រោះមានលោកអភិបាល រងស្រុកម្នាក់បានឃុបឃិតគ្នាជាមួយអតីតស្មៀនឃុំរាបទិញលក់ដីសាធារណៈរួចក៏លក់បន្តឲ្យមកថៅកែខារ៉ាអូខេឈ្មោះ ណាន ដែលគេចាក់ដីក្នុងគោលបំណង ពង្រីកធ្វើកន្លែងលក់ស៊ុបនិងសាច់អាំងនៅមាត់ទឹក ។

លោក សៀន ហុង បានបន្តថា ដំបូង ឡើយលោក ខុម អតីតស្មៀនឃុំរាបពុំមាន ដីនៅចំណុចនោះទេដោយឈ្មោះនេះឃើញ ដីរដ្ឋទំនេរក៏លួចធ្វើលិខិតកាន់កាប់។ ក្រោយ មកបានលក់បន្តឲ្យលោក អ៊ុម វណ្ណធឿន អភិបាលរងស្រុកពារាំង។ ពោលគឺនៅ ពេលថ្មីៗនេះលោកអភិបាលរងស្រុកបានលក់ដីនោះបន្តឲ្យទៅឈ្មោះ ណាន ដែល ជាថៅកែខារ៉ាអូខា(ជំនោរមករា) ។

ថៅកែរូបនោះបានជួលគ្រឿងចក្រមកចាក់ដីរំលោភលើចំណីផ្លូវនិងរំលោភចូលទៅមាត់ស្ទឹងម៉ាលិចទៀតផងជាហេតុធ្វើ ឲ្យពលរដ្ឋក្នុងភូមិរិះគន់គ្រប់ៗគ្នា។ ដោយ ខ្លាចថាគេធ្វើកន្លែងលក់ដូរដែលអាច បណ្តាលឲ្យស្អុយទឹកគោក្របីផឹក និងបាត់ចរន្តទឹកសម្រាប់បូមដាក់ស្រូវដែលនៅជំុវិញ ប៉ុន្តែយ៉ាងណាពលរដ្ឋបានត្រឹមតែខ្សឹប ខ្សៀវពីមួយទៅមួយប៉ុណ្ណោះ ។

លោក ជា រន្ធ មេភូមិជ្រៃបានឲ្យដឹងថា ដីនោះពីមុនមកជាដីសាធារណៈ ប៉ុន្តែនៅ អំឡុងឆ្នាំ២០០៨លោកខុម ជាស្មៀនឃុំ បានធ្វើប្លង់កាន់កាប់ហើយលោកជាមេភូមិក៏បានចុះហត្ថលេខាផងដែរដោយខាង ជើងទល់ឈ្មោះ ឃ្លាំង យ៉យ ខាងកើត ទល់ផ្លូវ ខាងត្បូងទល់ចំណីផ្លូវជាតិ ខាង លិចទល់ចំណីអូររំលិច ។

លោក សិត សៀប អនុប្រធានភូមិជ្រៃ បានឲ្យដឹងថា ការដែលឈ្មួញមកចាក់ដី រំលោភយកដីអូរបែបនេះធ្វើឲ្យពលរដ្ឋក្នុងភូមិរិះគន់ពោលបើនៅតែចាក់ដីទៀតពល រដ្ឋប្រាកដជាផ្ទុះការតវ៉ាមិនខាន ។

លោក លឹង ស្រី មេឃុំរាប បានឲ្យដឹង ថា រឿងដីនោះគឺលោកមិនច្បាស់ដែរតែជាដីរបស់លោក អ៊ុម វណ្ណធឿន ទិញពីគេ ចំណែករឿងចាក់ដីនោះប្រហែលជាមានការអនុញ្ញាតពីថ្នាក់ស្រុកហើយ ។

លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងថា នេះជារឿងចាស់ទេ។ រីឯ លោក អ៊ុម វណ្ណធឿន មិនអាចសុំការបំភ្លឺបានទេព្រោះទូរស័ព្ទចូលហើយលោកមិនទទួល ។

លោក ណាន អ្នកទិញដីបានឲ្យដឹងថាខ្លួនពិតជាបានទិញដីនោះតម្លៃជាង១ម៉ឺន ដុល្លារពីលោកអ៊ុម វណ្ណធឿន អភិបាលរងស្រុកពារាំងមែនដោយមានឯកសារត្រឹមត្រូវ ។

ដោយឡែកលោក អ៊ុន សុធា ប្រធាន មន្ទីរសាធារណការខេត្តព្រៃវែងបានឲ្យ ដឹងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៧ថា រឿងចាក់ដីនោះខាងស្រុកគេបានឃាត់ហើយមិនឲ្យចាក់ទៀតទេ ៕ ហេង សូរិយា


ចែករំលែក៖