ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនដកហូតថ្នាំញៀន៤កញ្ចប់តូច និង៣កញ្ចប់ធំ ម៉ូតូ៣គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន៣ករណី ដកហូតបានថ្នាំញៀន៤កញ្ចប់តូច និង៣កញ្ចប់ធំ និងម៉ូតូ៣គ្រឿង ប្រតិបត្តិការនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចខាងមុខសាលាកសិកម្ម និងក្បែរស្ពានលេខ១ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប និងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

នាយផ្នែកគ្រឿងញៀនខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើទី១-ឈ្មោះ គុយ ណេង អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិតាកែវទី១ ឃុំវហាសួ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី២-ឈ្មោះ ហេង លីន អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឈូក ឃុំសាឡុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី៣-ឈ្មោះ ស៊ន ម៉ាប អាយុ២១ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅសានៈកេង ឃុំជើងគ្រៀវ ស្រុករលាផ្អៀល ខេត្តកំពង់ឆ្នាំង ទី៤-ឈ្មោះ នឿន ភត្រា អាយុ១៧ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិអូសណ្ដាន់ថ្មី ឃុំទឹកហួត ស្រុករលាផ្អៀល ខេត្តកំពង់ឆ្នាំង ទី៥-ឈ្មោះ ឃ្លាំង សៀងហេង អាយុ២២ឆ្នាំ មុខរបរជាងម៉ូតូ ទី៦-ឈ្មោះ នុត គន់លី អាយុ២២ឆ្នាំ មុខរបរជាងមាស មានទីលំនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងថា មុនឈានដល់ការបង្ក្រាប ក្រុមជនសង្ស័យទាំង៦នាក់ ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីប្រតិបត្តិការយាមល្បាតដាក់គោលដៅ ដើម្បីត្រួតពិនិត្យបទល្មើសចរាចរផ្លូវគោក ដោយកម្លាំងនគរបាលផ្នែកគ្រឿងញៀនខណ្ឌ សហការជាមួយកម្លាំងនគរបាលផ្នែកអន្តរាគមន៍ ខណៈកំពុងបន្តសកម្មភាពនៅតាមបណ្ដោយផ្លូវជាតិលេខជាតិលេខ៦ ស្រាប់តែប្រទះសង្ស័យលើពួកគេ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR-7376 មកដល់ក្បែរសាលាកសិកម្ម ទើបឈានដល់ការឃាត់ឆែកឆេរសួរនាំ រកឃើញថ្នាំញៀន២កញ្ចប់តូច រួចបន្តទៅត្រួតពិនិត្យភ្លាមៗ ក្នុងករណីទី២ លើជនសង្ស័យ២នាក់ទៀត និងបានដកហូតថ្នាំញៀន២កញ្ចប់តូច ដែលពួកគេជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ-3497 ទើបតែមកពីទិញ ដើម្បីយកទៅប្រើប្រាស់។

ជាមួយគ្នានោះដែរ លោក ស៉ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វា បានឲ្យដឹងផងដែរថា បន្ទាប់ពីបង្ក្រាបជនសង្ស័យ៤នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់តូច និងម៉ូតូ២គ្រឿង កម្លាំងនគរបាលនៅតែបន្តសហការរហូតឈានដល់ការបង្ក្រាបជនសង្ស័យបន្ថែម២នាក់ទៀត ដែលជាករណីជួញដូរគ្រឿងញៀន ដកហូតបានថ្នាំញៀន៣កញ្ចប់ធំ និងម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-9847។

បន្ទាប់ពីឃាត់ក្រុមជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំង៦នាក់ និងវត្ថុតាង ត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា ដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖