ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករកម្មការិនីជាង ១៥,២១១ នាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញមកជួបជុំជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនី ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់នានា និងដើម្បីបង្កើនប្រសិទ្ធភាពការងារអោយកាន់តែល្អប្រសើរឡើងដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ ។ សម្តេចតេជោ បានអរគុណដល់ក្រសួងការងារ និងវិជ្ជាជីវៈ ដែលបានសហការជាមួយស្ថាប័ននានាក្នុងការសម្រួលដល់កម្មករកម្មការិនីនៅតាមបណ្តារោងចក្រក្នុងការជួបសំណេះសំណាលនេះ។
នេះជាលើកទី១៣ ហើយដែល សម្តេចតេជោ បានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ បូករួមទាំងការជួបសំណេះសំណាលនៅរៀងរាល់ថ្ងៃអាទិត្យនៅកោះពេជ្រ ហើយ សម្តេចតេជោ នឹងអញ្ជើញទៅជួបកម្មករកូនក្មួយជាបន្តបន្ទាប់ទៀត។ ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ធដល់វិនិយោគទុនគឺកម្ពុជាបានទាក់ទាញអ្នកវិនិយោគគិនយ៉ាងច្រើន ដែលបានផ្តល់ការងារនឹងប្រាក់ចំណូលសមរម្យដល់កម្មករ។ ទាំងអស់នេះគឺបានមកពីសន្តិភាព ដែលមានតែគណបក្សប្រជាជនតែមួយគត់ដែលបានខិតខំធ្វើតាំងពីមុនរហូតមកទល់ពេលនេះ គឺគ្មានបក្សប្រឆាំងណាចូលរួមនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចាក់ផងដែរថា សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំ ដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករកម្មការនី និងសូមអោយបងប្អូនប្រជាពលរដ្ឋគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។
សម្តេចតេជោ ក៏បានប្រកាសសាជាថ្មីផងដែរថា នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករកម្មការរនីជាអប្បរមាគឺ ១៧០ ដុល្លារ ក្នុងមួយខែ (គឺរាជរដ្ឋាភិបាលបានបន្ថែម ៥ដុល្លារ ដែលសាច់ប្រាក់នេះបានមកពីពន្ធកាត់ទុក និងពន្ឋនាំចេញ ដែលររាជរដ្ឋាភិបាលត្រូវចំណាយជាង ៤០ លានដុល្លារ)។ ដូច្នេះចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ ប្រាក់ខែអប្បរមារបូកបន្ថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺលើសពី ២០០ដុល្លារ/១ខែ។
ជាមួយគ្នានេះដែរ គឺបងប្អូនកម្មករកូនក្មួយនឹងទទួលបានការបញ្ចុះតំលៃទឹកភ្លើង និងថ្លៃឈ្នួលផ្ទះដែលនឹងជួយដោះស្រាយជីវភាពរស់នៅអោយកាន់តែប្រសើរឡើង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុចដល់និយោជក និងនិយោជិត ដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារនិងប្រាក់ចំណូលល្អ:
១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។
៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ កើនទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង (សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងអោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។
៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយម្ចាស់ក្រុមហ៊ុនរោងចក្ររៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ គ្រប់ស្ត្រីកម្មករិនីមានផ្ទៃពោះទាំងអស់ត្រូវបានអនុញ្ញាតិអោយចេញមុនម៉ោង ១៥នាទី។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូនកម្មការនីអំពីអត្ថប្រយោជន៍មួយទៀតដែលនឹងទទួលបានពីបេឡាសង្គមគឺ:- ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើ សម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបាន ថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភមួយចំនួនទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ ថវិកានេះនឹងផ្តល់ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។
កម្មករកម្មការនីទូទាំង ប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ ចំពោះកីឡាករ កីឡាការិនីទាំងអស់ក៏ទទួលបានការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃផងដែរសម្រាប់រយៈពេល២ឆ្នាំ ហើយទទួលបានបានពិនិត្យថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ ចំពោះកីឡាការនីដែលសម្រាលកូនក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។
ចំពោះស្រ្តីជាមន្រ្តីរាជការស៊ីវិល នគរបាល កងទ័ព គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ បើសម្រាលបានកូន ១ ត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០០៛ ។ ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភដូចខាងលើនេះផងដែរ។
ទី៥) រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ឋ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារ និងប្រាក់ខែល្អៗសម្រាប់បងប្អូនកូនក្មួយកម្មករខ្មែរ ។
មុននឹងបញ្ចប់ពិធីសំណោះសំណាល សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការនី និយោជកទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងកម្មការិនីស្រ្តីមានផ្ទៃពោះចំនួន ៥៩៨ នាក់ផងដែរ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានថតរូប Selfie អនុស្សាវរីយ៍ ជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ