ធ្លាយរឿងតាអាចារ្យបង្គាប់ទារថ្លៃបូជាសព សាន ស្រីឡៃ ជាទឹកប្រាក់២.៦០០ដុល្លារ
ភ្នំពេញ៖ សពអ្នកចម្រៀង សាន ស្រីឡៃ និងជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ត្រូវបានបូជារួចហើយនៅ វេលាម៉ោងជាង៩ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ក្រោមសំឡេងស្រែកទ្រហោយំខ្លាំងៗគួរឲ្យអាណិតអាសូរយ៉ាងពន់ពេក និងសង្វេគបំផុតពីសំណាក់ម្ដាយបង្កើតកូនប្រុសដ៏គួរឲ្យស្រឡាញ់ទាំង២នាក់ សាច់ញាតិ បងប្អូន ព្រមទាំងមិត្តរួមអាជីពជាច្រើននាក់ ហើយសូម្បីតែពុទ្ធបរិស័ទក៏ ដូចជាប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ផងក៏ទប់ទឹកភ្លែកមិនបានផង ។
ក្រោយពីមានផ្ទុះរឿងថា មានអាចារ្យម្នាក់ នៅវត្តសែនសុខទៅទារលុយពីក្រុមហ៊ុនហង្សមាសថ្លៃតម្កល់សពអ្នកចម្រៀងស្រី សាន ស្រីឡៃ រហូតគំរាមថា បើមិនឲ្យលុយ ត្រូវដឹកសពចេញវិញនោះភ្លាមៗកាលពី យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ព្រះចៅ អធិការវត្តព្រះនាមភារម្យ បានចេញមក បដិសេធហើយមានថេរដីកាយ៉ាងច្បាស់ថា «ជាគោលការណ៍រួមវត្តមិនដែលយកថ្លៃពីពិធីបុណ្យសពរបស់ប្រជាពលរដ្ឋណានោះឡើយតាំងពីដើមដល់ចប់, ករណីអាចារ្យទារលុយជារឿងបុគ្គលតែប៉ុណ្ណោះ» ។
ព្រះចៅអធិការមានថេរដីកាបន្តថា ករណីមានអាចារ្យទៅទារលុយថ្លៃតម្កល់សពគឺព្រះអង្គមិនបានដឹងនោះឡើយ ហើយអាចារ្យរូបនេះក៏មិនមែនជាអាចារ្យប្រចាំវត្តសែនសុខដែរ ពោលគឺអាចារ្យ ប្រចាំវត្តមានចំនួន៩នាក់ ហើយព្រះអង្គ បានសុំឲ្យ៥នាក់មកជួយរៀបចំចាត់ចែង ពិធីបុណ្យសពនេះ រីឯ៤នាក់ផ្សេងទៀត ជាប់ទៅបុណ្យសពប្រជាពលរដ្ឋផ្សេង ។
ព្រះតេជព្រះគុណ ភារម្យ បានមានថេរ ដីកាទៀតថា «នៅពេលមានបុណ្យសព គឺអាត្មា និងគណៈកម្មការវត្តគ្រាន់តែសួរម្ចាស់កម្មវិធីថា រៀបចំយ៉ាងដូចម្តេចដើម្បី ឲ្យវត្តជួយចាត់ចែង ហើយគោលការណ៍ យកលុយកាក់សូម្បីតែមួយកាក់មួយសេន ក៏វត្តមិនយកដែរលើកលែងតែពលរដ្ឋចង់ប្រគេនកសាងសមិទ្ធផលក្នុងវត្តនោះវត្ត នឹងទទួល» ។
មន្ត្រីសាលាខណ្ឌសែនសុខមួយរូបឲ្យដឹងថា អាចារ្យដែលបង្គាប់ទារលុយនេះរស់ នៅភូមិទី៧ ហើយជាអាចារ្យធំ(គ្រូបង្រៀនអាចារ្យ)។ អាចារ្យរូបនេះបានមកចាត់ចែង រៀបចំពិធីបុណ្យសពអ្នកចម្រៀង សាន ស្រីឡៃ រហូតមកទារលុយយ៉ាងច្រើនបែបនេះពីក្រុមហ៊ុនហង្សមាស ។
ក្រោយពីមានរឿងរ៉ាវកើតឡើងអភិបាល រងរាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា នៅយប់ថ្ងៃដដែលនោះបានឲ្យដឹងថា ករណី ចម្រូងចម្រាសនេះត្រូវបានដោះស្រាយ បញ្ចប់រួចហើយបន្ទាប់ពីលោកបានទាក់ទងដោយផ្ទាល់ជាមួយលោក មាស រិទ្ធី និង អាជ្ញាធរខណ្ឌ ដូច្នេះករណីនេះគឺជារឿង បុគ្គលរបស់អាចារ្យដែលប្រព្រឹត្តដោយខ្លួនឯង មិនពាក់ព័ន្ធជាមួយនឹងវត្ត គណៈកម្ម ការវត្តនិងព្រះសង្ឃឡើយ ។
លោក មាស រិទ្ធី អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាសបានថ្លែងថា វត្តសែនសុខទីកន្លែងតម្កល់សពតារាចម្រៀង សាន ស្រីឡៃ មានអាចារ្យម្នាក់បានទាមទារលុយថ្លៃតម្កល់សព, ថ្លៃអាចារ្យ, ថ្លៃរៀបចំពិធី និង ក្តារមឈូសរហូតដល់២.៦០០ដុល្លារ ហើយ បានពោលពាក្យមាក់ងាយដល់ក្រុមហ៊ុនហង្សមាសធ្ងន់ៗ ព្រមទាំងបាននិយាយថា ប្រសិនបើមិនឲ្យលុយទេសូមយកសពទៅ វិញទៅ ។
លោក មាស រិទ្ធី បានបញ្ជាក់ទៀតថា អាចារ្យប្រចាំវត្តសែនសុខដែលទាមទារ លុយនោះឈ្មោះ មាស សំណាង បានទាម ទារលុយដូចជា ទី១-ប្រគេនចំពោះវត្ត សម្រាប់តម្កល់សព១.២៥០ដុល្លារ, ទី២-អាចារ្យយោគី៥០០ដុល្លារ ទី៣-សម្រាប់ វត្តចាត់ចែងពិធី៧០០ដុល្លារ, ទី៤-ក្តារ មឈូស១៥០ដុល្លារ(ដូចតារាងទារលុយខាងក្រោម)។ ការទាមទារលុយថ្លៃតម្កល់ សពនេះខាងវត្តសែនសុខមិនបានដឹងរឿងនេះទេ គឺបុគ្គលអាចារ្យតែម្តង ហើយបុគ្គលអាចារ្យរូបនោះបានអះអាងខ្លួនឯងថា ជា អាចារ្យមកពីបរមរាជវាំងទៀតផង ។
លោក មាស រិទ្ធី បាននិយាយជាមួយ កំហឹងខ្លាំងៗថាអ្វីដែលក្រុមហ៊ុនហង្សមាស មិនអាចទទួលយកបាននោះគឺពាក្យសម្តី របស់អាចារ្យ មាស សំណាង និយាយមាក់ ងាយធ្ងន់ៗថា «ថៅកែហង្សមាសធំប៉ុនណា ប៉ុនណីមកថោកទាបអត់លុយឲ្យវត្ត»។ លោកបានបញ្ជាក់ថា តើវត្តជាទីអារាម សម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យធ្វើទានឬក៏ជាសណ្ឋាគារសម្រាប់គិតថ្លៃ?
បន្ទាប់ពីមានជម្លោះរឿងទាមទារលុយនោះលោក មាស រិទ្វី បានទូរស័ព្ទស្នើសុំកិច្ច អន្តរាគមន៍ពីអភិបាលខណ្ឌសែនសុខ និង អធិការនគរបាលខណ្ឌសែនសុខផងដែរ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះលោកអាចារ្យ មាស សំណាង បានបំភ្លឺថា តម្លៃ ២.៦០០ដុល្លារគឺបាននិយាយគ្នាជាមួយក្រុមហ៊ុនហង្សមាសតាំងពីយប់ថ្ងៃទី១៦ ខែតុលា រួចមកហើយនោះជាតម្លៃសម្រាប់អាចារ្យយោគី៥នាក់តម្លៃ៥០០ដុល្លារ សម្រាប់ក្ដារមឈូសតម្លៃ១៥០ដុល្លារ សម្រាប់ទិញគ្រឿងចាត់ចែងពិធីបុណ្យ សព៧០០ដុល្លារ និងឧបត្ថម្ភដល់វត្តសែន សុខ១.២៥០ដុល្លារ។ ចំពោះក្រដាសដែល មានសរសេរតម្លៃនៅលើនោះក៏មិនមែនលោកអាចារ្យជាអ្នកសរសេរដែរ។ ប៉ុន្តែ ពេលបុគ្គលិកទូរទស្សន៍ហង្សមាសមកជួបស្រាប់តែឆ្លើយថាអត់មានលុយឲ្យទេ ។
លោកអាចារ្យ មាស សំណាង បានបន្ត ថា ពេលឮបុគ្គលិកទូរទស្សន៍ហង្សមាស ឆ្លើយថាអត់មានលុយលោកក៏បាននិយាយ ថា ទូរទស្សន៍ហង្សមាសប៉ុនណាប៉ុនណី ម្ដេចអត់លុយឲ្យអ៊ីចឹង ?
បន្ទាប់មកមិនដឹងបុគ្គលិកហង្សមាស រាយការណ៍ទៅលោក មាស រិទ្ធី ថាម៉េចទេ ស្រាប់តែមានផ្ទុះរឿងថា គាត់ជំរិតទារលុយ ២.៦០០ដុល្លារបើមិនឲ្យដឹកសពចេញទៅវិញ ។
លោកអាចារ្យ មាស សំណាង បានអះ អាងថា លោកមិនបាននិយាយឲ្យដឹកសព ចេញនោះទេ ហើយតម្លៃដែលលោកបានប្រាប់ទូរទស្សន៍ហង្សមាសក៏លោកបាន ជជែកតម្លៃគ្នាជាមុនជាមួយទូរទស្សន៍ហង្សមាសតាំងពីយប់ថ្ងៃទី១៦ ខែតុលា មកម្លេ៉ះ។
គួរបញ្ជាក់ថា ស្ថានីយទូរទស្សន៍ហង្ស មាសជាអ្នកទទួលចំណាយថវិកាទាំងស្រុងលើការរៀបចំបុណ្យសពអ្នកចម្រៀង សាន ស្រីឡៃ ដែលជាតារាចម្រៀងប្រចាំផលិត កម្មហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២។ ក្រុមការងារមួយក្រុមរបស់ក្រុមហ៊ុនក៏បានរៀបចំ កិច្ចការផ្សេងៗនៅវត្តសែនសុខ ក្នុងសង្កាត់ ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកសាកសពខ្មាន់កាំភ្លើងដែលជាប្តីបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៅភូមិ ពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ អ្នកកាសែតមិនអនុញ្ញាតឲ្យចូលក្នុងបរិវេណរោងបុណ្យនោះឡើយ ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ ដែលរស់នៅស្រុកព្រះស្ដេចបានឲ្យដឹងថា ប្ដីរបស់អ្នកចម្រៀង សាន ស្រីឡៃ ដែល បានបាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងនេះជាមន្ត្រីគយទិញឈ្មោះគេដែលមាន ប្រពន្ធដើមនិងកូន៤នាក់នៅស្រុកព្រះ ស្ដេច។ រីឯសាន ស្រីឡៃ ជាប្រពន្ធទី២ និង មានកូន២នាក់ជាមួយគ្នាទៀតផង ។
ពលរដ្ឋនៅភូមិពានី ឃុំល្វា ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង បានឲ្យដឹងទៀតថា ជន អត្តឃាតខាងលើដែលបានបាញ់សម្លាប់ប្រពន្ធទី២រួចបាញ់សម្លាប់ខ្លួនឯងនោះមាន ស្រុកកំណើតនៅក្នុងភូមិពានីតែម្ដង។ ព្រោះរឿងប្រចណ្ឌនាង សាន ស្រីឡៃ ដាក់ អ្នកផ្សេង ពោលគឺឈ្មោះដើមរបស់គាត់ ឈ្មោះ ខៀវ ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ ប៉ុន្តែបានទិញឈ្មោះគេធ្វើជាមន្ត្រីគយ ដោយ បានប្ដូរទៅជាឈ្មោះ ជ័យ រិន ភេទប្រុស អាយុ៥៣ឆ្នាំ ។
បុរស ជ័យ រិន ត្រូវបានអ្នកភូមិអះអាងថា បានទិញឈ្មោះពីមន្ត្រីយោធាគណបក្ស ហ្វុ៊នស៊ិនបិចអំឡុងឆ្នាំ១៩៩៣ គ្រាដែល គេដឹងថា ឈ្មោះជ័យ រិន នោះបានធ្វើអត្តឃាតដោយគ្រាប់កាំភ្លើង។ ជ័យ រិន ពិត ប្រាកដបានស្លាប់ ហើយមន្ត្រីគណបក្សហ្វុ៊នស៊ិនបិចបានយកឈ្មោះជ័យ រិន លក់ឲ្យ ឈ្មោះខៀវ ម៉ៅ ដែលខៀវ ម៉ៅ រត់ការចុះ ឡើងផ្ទេរពីមន្ត្រីយោធាទៅជាមន្ត្រីគយ ព្រោះខ្លួនមានបងប្អូនជាមន្ត្រីគយច្រើន នាក់ស្រាប់។ ក្នុងន័យនេះចង់បញ្ជាក់ថា ឈ្មោះ ជ័យ រិន ស្លាប់២ដងដោយការធ្វើអត្ត ឃាតគឺឈ្មោះ ជ័យ រិន មន្ត្រីយោធាគណ បក្សហ្វុ៊នសុិនប៉ិច និងជ័យ រិន ឈ្មោះដើម ខៀវ ម៉ៅ ។
ប្រភពពីបុរសម្នាក់ដែលជាអ្នកជិតខាងបាននិយាយថា ក្នុងភូមិនេះគេស្គាល់បុរស ដែលបាញ់ខ្លួនឯងនោះជា គយម៉ៅ ហើយ គយម៉ៅនេះមានទឹកចិត្តល្អដែរសម្រាប់អ្នកជិតខាងដោយជួយចេញថ្លៃភ្លើងរាល់ខែឲ្យអ្នកនៅជាប់របងផ្ទះចំនួន២គ្រួសារ។ គយ ម៉ៅគាត់មានបងប្អូន៦នាក់ប្រុសទាំងអស់ ខ្លួនគាត់ជាកូនពៅគឺទី៦ ហើយមានការងារ ជាមន្ត្រីគយចំនួន៤នាក់ ។
ប្រភពបានឲ្យដឹងទៀតថា គយម៉ៅ ជាកូនកំព្រាឪពុកម្ដាយតាំងពីចាប់កំណើតបានអាយុ៧ថ្ងៃ ពោលគឺឪពុកបានស្លាប់តាំងពីគយម៉ៅចាប់កំណើតក្នុងផ្ទៃ រីឯម្ដាយបានស្លាប់ដោយសារជំងឺនៅពេលដែលបង្កើត គយម៉ៅបាន៧ថ្ងៃ។ នៅក្រោយពេលម្ដាយស្លាប់ភ្លាមៗគយម៉ៅត្រូវបានម្ដាយមីងយកទៅចិញ្ចឹមឲ្យរៀនសូត្ររហូតដល់ពេញវ័យ ដោយគយម៉ៅ បានទៅដណ្ដឹងប្រពន្ធដើមសព្វថ្ងៃឈ្មោះ រដ្ឋា ដែលមានទីលំនៅឯឃុំ កំពង់សឹង ស្រុកព្រះស្ដេច។ មកទល់បច្ចុប្បន្ន ឈ្មោះរដ្ឋាជាប្រពន្ធដើមមានកូនពេញវ័យអស់ហើយដល់ទៅ៤នាក់ស្រី៣នាក់ កូន ប្រុសម្នាក់ ។
ប្រភពដដែលបានបន្តថា គយម៉ៅ បាន ស្គាល់នឹងយកនាង សាន ស្រីឡៃ ជាប្រពន្ធ ទី២ជាលើកដំបូងនៅឯក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លុះក្រោយមកក៏បានស្រលាញ់នាងស្ទើរតែភ្លេចប្រពន្ធដើម។ ក្នុងនោះគយម៉ៅ បានយិតយោងនិងលើកស្ទួយជីវភាពគ្រួសាររបស់នាង សាន ស្រីឡៃ តាំងពីរូបនាងនៅដើរច្រៀងតាមរង្គសាល និងតន្ត្រីសម័យតាមបុណ្យទាន ឬរោងការ ហើយក៏បំពេញបំណងនាងដោយចង់ក្លាយជាតារា ថែមទាំងបានជូននាងមកប្រឡងក្នុង កម្មវិធី The Voice Cambodia របស់ទូរទស្សន៍ ហង្សមាសរហូតបានជាប់ដល់វគ្គផ្តាច់ព្រ័ត្រ។
បច្ចុប្បន្នគយម៉ៅមានកូនជាមួយនាង សាន ស្រីឡៃ២នាក់ ប្រុសទាំង២ ដោយកូន បងអាយុ៨ឆ្នាំ និងប្អូនអាយុ៦ឆ្នាំដែលមានផ្ទះនៅភ្នំពេញ ។
បើតាមអ្នកភូមិខាងលើបាននិយាយថា គយម៉ៅ នេះចាប់តាំងពីយកប្រពន្ធទី២ នេះមកគឺធ្វើឲ្យជីវភាពគាត់ថយចុះតាំងពីមានឡានទំនើបរហូតដល់ជិះម៉ូតូដោយ ទិញម៉ូតូបានរយៈពេលពីរទៅបីថ្ងៃក៏បានសម្រេចចិត្តធ្វើអត្តឃាតបាញ់សម្លាប់នាងនិងបាញ់ខ្លួនឯងតែម្ដង ព្រោះគិតថាខ្លួន និយាយណែនាំនាង សាន ស្រីឡៃ លែងស្ដាប់ហើយដោយខ្លាចនាងបានទៅគេផុតពីរង្វង់ដៃខ្លួនក៏បាញ់សម្លាប់តែម្តង ។
ទោះបីជាយ៉ាងណាជុំវិញការលើកឡើងរឿងស្នេហាត្រីកោណដោយមានអ្នកទី៣ ចូលជ្រែកខាងលើនេះភ្នាក់ងារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីក្រុមគ្រួសារសពគយម៉ៅបានទេ ព្រោះនៅផ្ទះធ្វើបុណ្យឯស្រុក កំណើតនាភូមិពានី ឃុំល្វានេះមិនឲ្យអ្នកកាសែតចូលក្នុងរបងគេហដ្ឋានឡើយ។
ស្តាប់តារានិយាយ៖
ក្រោយមរណភាពរបស់តារាស្រីនៃ គ្រួសារក្រុមហ៊ុនហង្សមាសអ្នកនាង សាន ស្រីឡៃ ជាគ្រូបង្វឹកផង និងក៏ជាតារាចម្រៀង ផងអ្នកនាង ពេជ្រ សោភា ក៏បានបង្ហើបពី ប្រវត្តិលំបាករបស់អ្នកនាង សាន ស្រីឡៃ កាលដែលនាងប្រឈមមុខខ្លួនមួយតែ ទទួលបន្ទុកចិញ្ចឹមគ្រួសារក្រោមអាជីពថ្មី ជាអ្នកចម្រៀងប្រចាំក្រុមហ៊ុនហង្សមាស ដើម្បីជីវភាព និងអនាគតគ្រួសារ ។
អ្នកនាង ពេជ្រ សោភា បានប្រាប់ថា តាំងពីដើមទីមកតារាចម្រៀងថ្មី សាន ស្រីឡៃ ជាមនុស្សកម្សត់ក្នុងជីវភាពទ្រទ្រង់ គ្រួសារ និងជីវិតដែលមានម្តាយម្នាក់ពិការមិនអាចធ្វើអ្វីបានឡើយ ហើយខ្លួនត្រូវរ៉ាប់ រងនូវជីវភាពនេះទាំងអស់ដែលក្នុងនោះ មានកូនពីរនាក់ម្តាយពិការម្នាក់ និងប្អូនស្រី២នាក់ទៀតនៅក្នុងបន្ទុក ។
តារាចម្រៀង ពេជ្រ សោភា បានបញ្ជាក់ ថា «រាល់ការងារខ្ញុំតែងដឹងពីគាត់រាល់ពេលឡើងប៉ុស្តិ៍ស្រីឡៃតែងតែទៅផ្ទះខ្ញុំ ខ្ចីស្បែក ជើង និងសម្លៀកបំពាក់ខ្ញុំពាក់។ ជាមនុស្សដែលចង់មានសម្លៀកបំពាក់ល្អដូចគេឡើងលើឆាក» ។
អ្នកនាងពេជ្រ សោភា បានបន្ថែមថា មានពេលខ្លះព្រោះតែកត្តាជីវភាព និងភាពចង់ល្អស្អាតក្នុងពេលឡើងឆាករហូតឲ្យ សាន ស្រីឡៃ សម្រេចចិត្តសុំទិញខោអាវលក្ខណៈបង់រំលស់តែខ្លួន (ពេជ្រ សោភា) មិនព្រមទេតែងឲ្យនាងដាច់តែម្តង។ គ្រួសារ មួយទាំងមូលបើបាត់បង់មេគ្រួសារហើយ តើទៅពឹងអ្នកណាទៅ?
តំណាងក្រុមហ៊ុនហង្សមាសបានថ្លែង ថា គ្រប់ការចំណាយទាំងអស់នៃពីធីបុណ្យសពអ្នកនាង សាន ស្រីឡៃ នេះក្រុមហ៊ុនហង្សមាសជាអ្នកចេញមុខទទួលរ៉ាប់រងទាំងអស់ ហើយក្រៅពីការទទួលចំណាយក្នុង ពិធីបុណ្យសពនេះគ្រួសារហង្សមាស និង បុគ្គលិកហង្សមាសទាំងអស់បានអញ្ជើញ ចូលរួមរំលែកទុក្ខនៃពិធីបុណ្យសពអ្នកនាង សាន ស្រីឡៃ នេះផងដែរ ។
តំណាងក្រុមហ៊ុនហង្សមាសបានបន្ត ថា ភាពរួសរាយរាក់ទាក់របស់អ្នកនាង សាន ស្រីឡៃ បានធ្វើឲ្យអ្នកនាងមានការ គាំទ្រ និងគោរពស្រលាញ់ពីគ្រប់បុគ្គលិកទាំងអស់របស់គ្រួសារហង្សមាសនិងសម្បូរ ដោយហ្រេ្វន(អ្នកគាំទ្រ)ខណៈដែលនាង កំពុងល្បីក្នុងពិភពសិល្បៈនេះ។ មនុស្ស យើងមួយប៉ប្រិចភ្នែកត្រូវធ្វើអ្វីត្រូវគិតឲ្យ មែនទែនសកម្មភាពមនុស្សម្នាក់អាចធ្វើឲ្យសកម្មភាពប្រែប្រួលបាន សូមគិតឲ្យវែង ចំពោះមនុស្សដែលនៅរស់ សូមកុំធ្វើត្រាប់ តាមឃាតក គប្បីយល់សាច់ញាតិរបស់ គាត់ តើគាត់សោយនូវសេចក្តីទុក្ខលំបាក យ៉ាងណាបន្ទាប់ពីអ្នកនាង សាន ស្រីឡៃ ស្លាប់ទៅអ្នកដែលរងទុក្ខគឺសាច់ញាតិបងប្អូនដែលមានសាច់ឈាមផ្សារភ្ជាប់ ។
ជាមួយគ្នានេះលោក កែវ សីហា អ្នក គ្រប់គ្រងទូទៅនៅផលិតកម្មហង្សមាសក៏ បានផ្តល់កិច្ចសម្ភាសន៍ថា អ្នកនាង សាន ស្រីឡៃ ត្រូវគេបាញ់សម្លាប់នោះលោកនិងក្រុមការងារបានទៅថតឈុតឆាកនៅកោះដាច់ ហើយអ្នកនាង សាន ស្រីឡៃ គ្មានឈុត ត្រូវថតក្នុងថ្ងៃនោះទេ ។
លោកបានបន្តថា លុះម៉ោងជិត៤ រសៀលក្រុមការងារក៏បានផ្តល់ព័ត៌មានថា អ្នកនាង សាន ស្រីឡៃ ត្រូវបានស្លាប់ ដោយ ខ្មាន់កាំភ្លើងម្នាក់។ ព័ត៌មាននេះក្រុមការងារ ក៏សឹងមិនជឿនិងមិនអាចទទួលយកបាន ដែរ ។
ដោយឡែកកញ្ញា សួស វីសា តារា ចម្រៀងរួមអាជីពក្នុងវិថីសិល្បៈជាមួយគ្នា បានបង្ហាញភាពតក់ស្លុតដែលនឹកស្មាន មិនដល់ថា មនុស្សម្នាក់ដែលបាននិងកំពុងនិយាយជាមួយគ្នាមុននេះបន្តិចសោះស្រាប់ តែមានដំណឹងថា ត្រូវបានគេបាញ់សម្លាប់ ហើយក្រោយពេលព័ត៌មាននេះបានបង្ហាញភាពជាក់ស្តែងបានធ្វើឲ្យកញ្ញា និងមិត្តរួមអាជីពផ្សេងទៀតនិយាយអ្វីលែងចេញ ទាំងភាពសោកសៅ និងភាពក្តុកក្តួលក្នុង ចិត្ត ។
កញ្ញា សួស វីសា បានបញ្ជាក់ប្រាប់ថា អ្នកនាង សាន ស្រីឡៃ ជាមេគ្រួសារមួយដ៏ល្អដែលទទួលបន្ទុកចិញ្ចឹមកូន២នាក់ ម្តាយ ពិការម្នាក់ និងប្អូនស្រី២នាក់ទៀតក្នុងបន្ទុក។ កញ្ញាបានស្គាល់អ្នកនាង សាន ស្រីឡៃ តាំង ពីប្រឡងចម្រៀងនៅផលិតកម្មរ៉ុកមកម្លេ៉ះ ហើយពេលនេះក៏បានមករួមអាជីពជាអ្នកចម្រៀងនៅផលិតកម្មហង្សមាសជាមួយគ្នាទៀតតែពេលវេលាមិនបានអនុញ្ញាតឲ្យនាងបន្តក្នុងពិភពសិល្បៈនេះបានទៀតឡើយ ខណៈអ្នកគាំទ្រនាងកាន់តែមាន កំណើន ហើយជីវភាពនាងក៏ទើបតែបាន ធូរបន្តិចនោះ ។
កញ្ញា សួស វីសា បានបញ្ជាក់ថា តាម ពិតអ្នកនាង សាន ស្រីឡៃ ត្រូវទៅថតឈុត មួយនៅកោះដាច់តែត្រូវបានអាក់ខានមក វិញ ព្រោះតែអ្នកនាង សាន ស្រីឡៃ សុំលើក ពេលមិនដឹងថា មានមូលហេតុអ្វីច្បាស់ លាស់ទេតែមុននឹងនាងស្លាប់គឺបានថត ចម្រៀងជាមួយនាងគ្រាន់តែខុសម៉ោងគ្នាបន្តិចទេគឺនាងសាន ស្រី ឡៃថតមុន។ បើ អ្នកនាង សាន ស្រីឡៃ ទៅថតនៅកោះដាច់ ប្រហែលជាគ្មានរឿងបែបនេះកើតឡើងទេ។
ដោយឡែក សាន គង្គា ជាប្អូនស្រី បង្កើតរបស់ សាន ស្រីឡៃ បាននិយាយទាំង ទឹកភ្នែកថា ក្រោយពីបងស្រីរបស់ខ្លួនប្រឡងជាប់ចូលកម្មវិធីរបស់ទូរទស្សន៍ហង្សមាសមកពីនាក់ប្តីប្រពន្ធនេះតែងឈ្លោះគ្នាជា ប្រចាំ ពិសេសមុនពេលបាញ់សម្លាប់នេះក៏បានឈ្លោះគ្នាពីរថ្ងៃរួចមកហើយដែរដែលនាងបានចាត់ទុកថា ការឈ្លោះគ្នានេះកើតមកពីការប្រចណ្ឌ ៕ ហេង សូរិយា