ខេត្តពោធិ៍សាត់៖ អាខោនហ្វេសប៊ុកមួយបានផ្សព្វផ្សាយឲ្យដឹងជាសាធារណៈនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ អមដោយរូបថតដបថ្នាំ និងត្រីងាប់អណ្តែតពាស់ពេញវាលស្រែដោយសង្ស័យថា បណ្តាលមកពីការប្រើប្រាស់ថ្នាំបាញ់ស្រែនោះតែម្តង ។
ប្រជាកសិករមួយរូបឈ្មោះ នូ យ៉ន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិបត់គគរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលលោកបានពើបប្រទះហេតុការណ៍កើតឡើង បានផ្សព្វផ្សាយរូបថត រួមជាមួយការសំណូមពរដល់ជំនាញពាក់ព័ន្ធឲ្យប្រញាប់ចុះទៅត្រួតពិនិត្យ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។ បើពុំដូច្នោះទេ ចម្ឆជាតិនឹងរកការបាត់បង់យ៉ាងធ្ងន់។
លោកនូ យ៉ន បានបញ្ជាក់ថា លោកសំណូមពរដល់ បងប្អូន ប្រជាកសិករ ដែលធ្វើស្រែប្រាំង និងវស្សា មុននឹងប្រើប្រាស់ថ្នាំ កម្ចាត់សត្វល្អិតផ្សេងៗ សូមពិនិត្យ និងប្រុងប្រយ័ត្នផង ថ្នាំប្រភេទនេះ(ស្លាកសញ្ញាដូចក្នុងរូបថត) ពេលបាញ់ថ្នាំនេះគីងាប់ត្រី និងក្ដាម ក្នុង១ហិកតា ងាប់ត្រីពី៣ទៅ៥គីឡូក្រាម ធ្វើឲ្យបាត់បង់មច្ឆជាតិយ៉ាងធ្ងន់ ។
លោកបន្តថា ជាចុងបញ្ចាប់ លោកសំណូមពរដល់ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម មេត្តាជួយពិនិត្យថ្នាំប្រភេទនេះផង មុននឹងឲ្យធ្វើរាចរណ៌លក់ក្នុងស្រុកនិងជួយផ្ដល់ក្រុមជំនាញចុះមកផ្សព្វផ្សាយនៅតាមសហគមន៍របៀបប្រើប្រាស់ថ្នាំប្រភេទណាមិនប៉ះពាល់ដល់មច្ឆជាតិនោះ ។
ពាក់ព័ន្ធបញ្ហានេះដែរ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ លោក ង៉ែត ហៀង មេឃុំអរតាប៉ោង បានថ្លែងប្រាប់ភ្នាក់ងារយកព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាននគរវត្តថា លោកនឹងបញ្ជាទៅខាងមណ្ឌលសុខភាពឲ្យចុះត្រួតពិនិត្យបញ្ហានេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ និងសំណូមពរពីប្រជាពលរដ្ឋ ៕ ប៉ឹម ពិន