ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី​២៧តុលា​ តុលាការ​កំពូល​កាត់ទោស​ទណ្ឌិត​សម​ រង្ស៊ី​ ករណី​បរិហារកេរ្តិ៍​សម្តេច​ប្រធាន​រដ្ឋសភា​

ចែករំលែក៖

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​តុលា​ ខាងមុខ​នេះ​ តុលាការ​កំពូល​ នឹង​បើក​សវនាការ​ករណីទណ្ឌិត​សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បរិហារកេរ្តិ៍​សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី​ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​។​

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ ឃឹម​ ប៉ុណ្ណ​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ឈួន​ ចាន់ថា​ ជា​តំណាង​មហា​អយ្យការ​ ។

គួរ​បញ្ជាក់​ថា​ ទាំង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ បាន​ផ្តន្ទា​ទោស​ទណ្ឌិត​ សម​ រង្ស៊ី​ ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល និង បង្គាប់​ឱ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី​ហេង សំរិន ប្រធាន​រដ្ឋសភា​ចំនួន​១៥០​លាន​រៀល ពី​បទ​បរិហារកេរ្តិ៍ តាម​មាត្រា​៣០៥នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា ធ្លាប់​បញ្ជាក់ថា របប​៧​មករា​ឆ្នាំ​១៩៧៩ គឺ​គ្មាន​ការកាត់ទោស​សម្តេចព្រះ​នរោត្តម​សីហនុ ដូច​ការលើក​ឡើង​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ឡើយ ។

​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​ថា “យើង​ចងចាំ​ថា របប​កើត​ថ្ងៃ ៧ មករា ១៩៧៩ បានឲ្យ​តុលាកា​ររបស់​គេ កាត់ទោស​ប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា ជា​ជន​ក្បត់ជាតិ​”

​ពាក់ព័ន្ធ​ការចោទប្រកាន់ ​នេះ លោក គី តិច មេធាវី​តំណាង​សម្តេច​ហេង សំរិន បាន​និយាយ​នា​ពេល​សវនាការ​ថា នា​សម័យ​នោះ សម្តេច ហេង សំរិន មាន​តួនាទី​កំពូល​ចំនួន​៣​ក្នុងប្រទេស​កម្ពុជា ។ ដូច្នេះ​ការចោទប្រកាន់​ថា សម័យ​នោះ​មានការ​កាត់ទោស​សម្តេច​ព្រះ​នរោត្តម​សីហនុ គឺជា​ចេតនា​បង្ខូចកេរ្តិ៍​ឈ្មោះ​សម្តេច​ហេង សំរិន ។

​លោក សម រង្ស៊ី នៅ​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ជាច្រើន​ទៀត​ក្នុង​កណ្ដាប់ដៃ​តុលាការ ហើយ​ក្នុងនោះ​សាលដីកា​ស្ថាពរ​របស់​សាលាឧទ្ធរណ៍ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​លោក ហោ ណាំហុង អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ កំណត់​ផ្តន្ទាទោស​២​ឆ្នាំ បាន​ធ្វើឱ្យ​លោក សម រង្ស៊ី មានឈ្មោះ​ជា ” ទណ្ឌិត ” ៕ចេស្តា


ចែករំលែក៖