ភ្នំពេញ៖ មានករណីទុស្សេបង្គោលភ្លើងបណ្តាលឲ្យឆាបឆេះ ខ្សែភ្លើងជាច្រើនយ៉ាងសន្ធោរសន្ធៅនៅខាងក្រោយផ្សារសុវណ្ណា បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ចុះមកបាញ់ពន្លត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ៨និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងក្រោយផ្សាសុវណ្ណា តាមបណ្តោយផ្លូវ១៩៩ កែងផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលមេឃកំពុងតែរលឹមស្រិចៗនោះ ស្រាប់តែមានការទុស្សេចរន្តអគ្គីសនី ឆាបឆេះទៅលើបណ្តាញខ្សែភ្លើងនៅតាមបណ្តោយផ្លូវខាងលើយ៉ាងសន្ធោរសន្ធៅតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋខ្លះនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ដើម្បីទប់ស្កាត់ស្ថានការណ៍ជាបឋម និងខ្លះទៀតរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២គ្រឿងបានចេញមកបាញ់ពន្លត់ភ្លើងដល់កន្លែងកើតហេតុ រហូតរលត់ទៅវិញជាស្ថាពរ មិនបណ្តាលឲ្យឆេះរាលដាលផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះឡើយ គ្រាន់តែខូចខាតបណ្តាញខ្សែភ្លើង ខ្សែកាប និងខ្សែបណ្តាញអ៊ីនធឺណេតមួយចំនួនធំ តែប៉ុណ្ណោះ។
បន្ទាប់មកក៏ទាក់ទងទៅកាន់ជំនាញអគ្គីសនីកម្ពុជា ដើម្បីចុះមករៀបចំតភ្ជាប់បណ្តាញជូនបងប្អូនប្រជាពលរដ្ឋដើម្បីប្រើប្រាស់ឡើងវិញផងដែរ៕ស រស្មី