ព័ត៌មានទាន់ហេតុការណ៍៖

បានស្រាចូលពោះភ្លាមបើកម៉ូតូលឿនដូចហោះទៅបុកអ្នកបណ្តើរកង់រង់ចាំឆ្លងថ្នល់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ដែលគេស្គាល់ថាជាអ្នកលក់នំតាមកង់ ត្រូវម៉ូតូមួយគ្រឿងបុកអូសជាង១០ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង អ្នកបង្ករងរបួសធ្ងន់ផងដែរ កាលពីវេលាម៉ោង ៦និង៤៥នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវក្រាលកៅស៊ូ ភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជនរងគ្រោះមានឈ្មោះ ម៉ប់ ឡាង អាយុ៤២ឆ្នាំ មានទីលំនៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ដោយឡែកអ្នកបើកបរ ម៉ូតូបង្ក ឈ្មោះចាន់ ថា ភេទប្រុស អាយុជាង៣០ឆ្នាំ មានទីលំនៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋឲ្យដឹងថា ស្រ្តីរងគ្រោះជិះកង់ត្រឡប់មកពីលក់នំ ពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ ស្រ្តីរងគ្រោះឈប់រង់ចាំឆ្លងថ្នល់ នៅពេលដែលកំពុងឈប់រង់ចាំនោះ ស្រាប់មានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១.O-៨០៣៥ ក្នុងដំណើរច្រាស់ទិសគ្នា ហើយបានជ្រុលទៅបុកកង់ស្រ្តីរងគ្រោះដាច់ជាពីរកំណាត់ ហើយប៉ើងស្រ្តីរងគ្រោះជាង១០ម៉ែត្រ ស្លាប់ភ្លាមៗ។ ចំណែកអ្នកបើកបរជាជនបង្ក បានរងរបួសធ្ងន់ផងដែរ ។

ក្រោយពេលកើតហេតុ ជនបង្កត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ដោយមធ្យោបាយបង្ក យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖