ភ្នំពេញ៖ តារាសម្ដែង កញ្ញា ទូច ស្រីលាក់ បានបើករថយន្តស៊េរីទំនើបទៅបុកម៉ូតូមួយគ្រឿង អូសប្រហែល៥០០ម៉ែត្រ ទើបឈប់ ធ្វើឲ្យម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូរងរបួសរលាត់ខ្លួនប្រាណ ហើយខណៈនោះត្រូវបានលោក ប៉ែន ចំរុង ដែលជាពិធិករទូរទស្សន៍អាស៊ីអាគ្នេយ៍ចេញមុខមកអន្តរាគមន៍ភ្លាមៗផងដែរ។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបំបែកជាបី ច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក BMW ពាក់ស្លាកលេខ ភ្នំពេញ 2AB-3288 ដែលអ្នកបើកបរជាតារាសម្ដែងស្រីម្នាក់ឈ្មោះ ទូច ស្រីល័ក្ខ ។ ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1D-1383 ជិះដោយបុរសម្នាក់បានរងរបួសស្រាល។
សាក្សីថា មុនពេលកើតហេតុ បុរសរងគ្រោះបើកម៉ូតូ១គ្រឿងតែម្នាក់ឯង តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទិសដៅពីកើតទៅលិច (ពីស្ទឹងមានជ័យ ទៅផ្លូវវេងស្រេង) ខណៈមកដល់ចំណុចផ្លូវបំបែកជាបី ជនរងគ្រោះក៏បានបត់ទៅផ្លូវវេងស្រេង ស្របពេលនោះក៏ត្រូវរថយន្តមកពីផ្លូវព្រះមុនីរ៉េត ទិសដៅពីត្បូងមកជើង(ពីស្ពានដែក មកផ្លូវវេងស្រេង)មកបុកចំពីចហៀងទាំងកំរោលតែម្ដង ធ្វើឲ្យបុរសជាម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូដួលត្រដាប់ត្រដួសរងរបួសរលាត់ខ្លួនប្រាណ(ស្រាល) ចំណេកឯម៉ូតូបានគៀបជាប់ក្រោមកង់រថយន្តអូសទៅផ្លូវវេងស្រេង ហូសមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រហែល៥០០ម៉ែត្រ ទើបឈប់ បណ្ដាលឲ្យម៉ូតូរងការខូចខាត ។
តារាសម្ដែងស្រី កញ្ញា ទូច ស្រីល័ក្ខ បាននិយាយថា នាងទើបតែចេញពីធ្វើខួបកំណើត បើករថយន្តមកជួបគ្រោះថ្នាក់ចរាចរណ៍ដោយអចេតនានេះតែម្ដង ហើយរូបគាត់ព្រមទទួលខុសត្រូវចំពោះការខូចខាតម៉ូតូ និងចេញថ្លៃរបួសជនរងគ្រោះផងដែរ ។ ក្នុងអំឡុងពេលនោះ មានលោក ប៉ែន ចំរុង ដែលជាពិធិករទូរទស្សន៍បានចេញមុខមកអន្តរាគមន៍ និងហ៊ានធានាជូនលើការទទួលខុសត្រូវក្នុងករណីនេះ ។
ក្រោយមក តារាសម្ដែង កញ្ញា ទូច ស្រីល័ក្ខ បានបើករថយន្តចេញពីកន្លែងកើតហេតុ ទុកឲ្យលោក ប៉ែន ចំរុង ជួយដឹកជនរងគ្រោះដោយរថយន្តខ្លួនឯង យកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីមើលរបួស ។ ចំណែកម៉ូតូក៏ត្រូវបានសាច់ញាតិក្រុមគ្រួសារជនរងគ្រោះហៅរ៉ឺម៉កម៉ូតូដឹកយកទៅផ្ទះទុកជួសជុល ដោយបញ្ចប់រឿងតាមសន្តិវិធី មិនរំខាងដល់សមត្ថកិច្ចមូលដ្ឋានឡើយ ៕ ភារ៉ា ដង្កោ