ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយត្រូវបុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកកាលវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ធ្វើដំណើរដោយជិះម៉ូតូ ម៉ាកនិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1 GO-2451 ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកនិច បើកដោយយុវជន២នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តម៉ាកCRV ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2Q-5038 បើកដោយបុរសម្នាក់ឈ្មោះស៊ឹម សារី អាយុ៤៧ឆ្នាំ មុខរបរលក់សំលៀកបំពាក់ រស់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកចេញពីតូបលក់សំលៀកបំពាក់ក្នុងទិសដៅពីកើតទៅលិច ហើយទៅបុកម៉ូតូជនរងគ្រោះដែលជិះស្របគ្នា បណ្តាលឲ្យដួលបោកនឹងឃឿនរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ហើយត្រូវរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះយកទៅព្យាបាលភ្លាមៗ។

សាក្សីបានបន្តប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តទៀតថា ចំណែករថយន្តបង្កបើករត់គេចខ្លួនបានចំងាយប្រមាណជាង១០០ម៉ែត្រប៉ុណ្ណោះ ត្រូវបានកម្លាំងនគរបាលដែលចុះល្បាតក្នុងមូលដ្ឋាននៅក្បែរនោះស្ទាក់ចាប់បានភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ព្រមទាំងទំនាក់ទំនងនគរបាលជំនាញចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យដើម្បីពិនិត្យជាតិអាកុលអ្នកបើកបរខាងលើ ឃើញមានកម្រិត0.59នៃជាតិអាកុលនៅក្នុងខ្លួន ពេលនោះកម្លាំងនគរបាលក៏វាស់វែងនៅកន្លែងកើតហេតុ និងយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុករង់ចាំកាដោះស្រាយគ្នាតាមក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖