ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លាចាកលោកយើងនេះ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បន្ទប់ពីជិះម៉ូតូចេញពីធ្វើការហើយបានបុកគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក ចំណែកម៉ូតូរងការខូចខាតយ៉ាងដណំ។

ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខនឹងវិទ្យាល័យជម្ពូវ័ន នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចចរាចរណ៍បានប្រាប់អ្នកយកព័ត៌មាននគរវត្តថា ជនរងគ្រោះឈ្មោះសៅ ស៊ីថា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សាក្សីឃើញហេតុការណ៍ជាក់ស្តែងបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា គេបានឃើញបុរសម្នាក់ធ្វើដំណើរដោយម៉ូតូឌ្រីមសង់ ឆ្នាំ២០១៤ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CK 7048 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់មានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង គ្មានស្លាកលេខធ្វើដំណើរពីកើតទៅលិច ដោយមិនមានភ្លើងបំភ្លឺផ្លូវ ក៏ជ្រុលបុកជាមួយម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ រីឯម្ចាស់រ៉ឺម៉កបានរត់បាត់ស្រមោល ហើយជនរងគ្រោះត្រូវរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះផងដែរ តែអកុសលជនរងគ្រោះត្រូវបានបាត់បង់ជីវិតនៅលើរថយន្តសង្រ្គោះតែម្តង ក្រោយពីដឹកទៅបានពាក់កណ្តាលផ្លូវ។

ប្រភពពីនគរបានចរាចរណ៍បានប្រាប់នគរវត្តទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗ និងវាស់វែងយកម៉ូតូ និងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី រង់ចាំម្ចាស់រ៉ឺម៉កចូលខ្លួនមកដោះស្រាយ ចំណែកសាកសពបុរសរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើរបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ


ចែករំលែក៖