ភ្នំពេញ ៖ គ្រឿងញៀនយ៉ាងច្រើនសន្ធឹក សន្ធាប់ជាមួយជនសង្ស័យជាជនជាតិចិន២នាក់ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់។ ប្រតិ បត្តិការនេះដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ឯក ខៀវ សាម៉ន នាយកមន្ទីរ ប្រឆាំងគ្រឿងញៀន និងដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ។
ជនសង្ស័យទាំង២នាក់ជាជនជាតិចិនដែលត្រូវចាប់ខ្លួននោះ ទី១-ឈ្មោះ ស៊ូ យាំងលាង ភេទប្រុស អាយុ៤១ឆ្នាំ និង ទី២-ឈ្មោះ YANG DEYING ភេទប្រុស អាយុ៤៤ឆ្នាំ ។
លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យ ដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀន១ ក្រុមនេះត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀនប្រើប្រាស់កម្លាំងជំនាញតាមដានសកម្មភាពច្រើនខែមកហើយទម្រាំចាប់បាន។ ដំបូងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ូ យាំងលាង នៅត្រង់រង្វង់មូលទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក ខណៈ ជនសង្ស័យកំពុងដឹកជញ្ជូនគ្រឿងញៀន បម្រុងយកទៅប្រគល់ឲ្យមនុស្សផ្សេងទៀត។ ពេលនោះសមត្ថកិច្ចដកហូតថ្នាំញៀននៅខ្លួនជនសង្ស័យបានជាងកន្លះ គីឡូក្រាម ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបាន សារភាពថា ថ្នាំញៀនមានលាក់ទុកនៅផ្ទះបក្ខពួកស្នាក់អាស្រ័យមួយចំនួនទៀត។ ពេលនោះសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅចង្អុលនិងដកហូតថ្នាំញៀនបានជាង៤៤គីឡូក្រាមបន្ថែមទៀត។ ចំណែកឈ្មោះ ស៊ូ យាំងលាង បានអះអាងថា ថ្នាំញៀន នេះជារបស់មេខ្លោងបានរត់គេខ្លួនបាត់ ។
លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី បាន បន្តថា កិច្ចប្រតិបត្តិការនៅបន្តរហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញ បានស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ YANG DEYING និងដកហូតថ្នាំញៀនចំនួន៦ដុំ ស្មើនឹងជាង២គីឡូក្រាម។ ថ្នាំញៀនដែលដកហូតបានពីជនសង្ស័យទាំង២នាក់នោះមានដូចជា ១-ប្រភេទមេតំហ្វេតាមីនមាន ទម្ងន់១៩៨៨,១៨ក្រាម, ២-ថ្នាំញៀនប្រភេទ អុិចស្តាស៊ីមាន១.៩៣០គ្រាប់ស្មើនឹង៧១៣ ក្រាម, ៣-ថ្នាំញៀនប្រភេទកេតាមីនដប ចំនួន២.០០០ដបស្មើនឹង១.០០០ក្រាម និង៤-សារធាតុម្សៅពណ៌សសម្រាប់កែច្នៃ ទៅជាគ្រឿងញៀនចំនួន៤៤គីឡូក្រាម (ទម្ងន់៤៤គីឡូក្រាមនេះម្ចាស់បានរត់ បាត់) និងដកហូតពីឈ្មោះ YANG DE- YINGមានចំនួន៦ដុំស្មើនឹងជាង២គីឡូក្រាមសរុបទាំងអស់ជិត៥០គីឡូក្រាម ៕ ហេង នរិន្ទ្រ