ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេបើករថយន្តមិនឲ្យជែង បាញ់មេឃ៦គ្រាប់ផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញៈ មានការផ្ទុះគ្រាប់កាំភ្លើងចំនួន៦គ្រាប់យ៉ាងកក្រើក បណ្តាលឲ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់ បន្ទាប់ពីមានរថយន្ត២គ្រឿង បើកប្រដេញគ្នាដូចរថយន្តប្រណាំង ហើយគ្រានោះគេឃើញ អ្នកជិះរថយន្តនៅខាងក្រោយខឹងអ្នកបើករថយន្តខាងមុខមិនព្រមឲ្យជែងក៏បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ជាច្រើនគ្រាប់បង្ហើរលើដំបូលរថយន្តខាងមុខ តែសំណាងមិនមានអ្នករងរបួសទេ ហើយពួកគេបានបើករថយន្តគេចអស់ទៅ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សាក្សី បានឱ្យសារព័ត៌មាននគរវត្តដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត២គ្រឿងបានបើកប្រដេញគ្នាយ៉ាងលឿនចេញពីម្តុំអង់តែនទូរទស្សន៍(ទទក)ទួលគោគ ពីកើតទៅលិច តាមបណ្តោយផ្លូវលេខ៣៥៥ សំដៅទៅកាំកូស៊ីធី។លុះមកដល់មុខមជ្ឈមណ្ឌលជប៉ុន រថយន្តឡិចស៊ីសRX330 ពណ៌ស មិនចាំស្លាកលេខ ដែលបើកពីក្រោយ ក៏បានស៊ីប្លេ ដើម្បីសុំផ្លូវពីរថយន្តហ្វតមិនស្គាល់ស្លាកលេខមួយគ្រឿងដែលបើកខាងមុខ តែពេលនោះរថយន្តនេះមិនព្រមអែបឲ្យបើកជែងទេ ទើបធ្វើឲ្យអ្នកបើករថយន្តខាងក្រោយក្ដៅចិត្ត ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ឡើងលើចំនួន៦គ្រាប់ ហើយរថយន្តទាំងពីរគ្រឿងបើកយ៉ាងលឿន ដល់រង្វង់មូលកាំកូស៊ីធី បាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ ទើបសមត្ថកិច្ចចុះមកសាកសួរនៅកន្លែងកើតហេតុ ហើយបានរកឃើញ សំបកគ្រាប់ចំនួន៤គ្រាប់ បាត់២គ្រាប់រកមិនឃើញជាប្រភេទគ្រាប់កាំភ្លើងម៉ាកកា៥៩ រួចយកទៅយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់កាំភ្លើងតាមក្បួនបច្ចេកទេស ៕ អរុណរះ


ចែករំលែក៖