ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូក្មេងស្ទាវបុកបុរសម្នាក់បាក់ឆ្អឹងដងកាំបិត រួចលើកម៉ូតូជិះគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយបាក់ឆ្អឹងដងកាំបិត ចំណែកស្រ្តីជាប្រពន្ធរបស់គាត់រងរបួសស្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈដែលបុរសជាប្តីជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវឌុបប្រពន្ធពីក្រោយ ហើយកំពុងធ្វើដំណើរសុខៗ ស្រាប់តែមានក្មេងស្ទាវម្នាក់ជិះម៉ូតូ១គ្រឿងទៀតម៉ាកហុងដាស្គូពីក្នុងទិសដៅបញ្ច្រាស់គ្នាទៅដល់កន្លែងកើតហេតុ បុកពីក្រោយម៉ូតូពួកគាត់ពេញទំហឹងរួចជនបង្កបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ៣០ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចទល់មុខហាងនំបុ័ងហេង ចេង ស្ថិតនៅក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះនិងប្រពន្ធរបស់គាត់ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ហើយបុរសនោះបានរងរបួសបាក់ឆ្អឹងដងកាំបិត ហើយនៅមុនពេលកើតហេតុពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1D-9711ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូម៉ាកហុងដាស្គូពីពណ៏ស ១គ្រឿងទៀតបើកបរដោយយុវជនស្ទាវម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងរួចបត់ឆ្លងផ្លូវ ជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលទាំងអស់គ្នា ប៉ុន្តែបុរសអ្នកបើកបរម៉ូតូរបួសបាក់ឆ្អឹងដងកាំបិត ក្រោកមិនរួចឡើយត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់។

ចំណែកជនបង្កអត់មានរងរបួសនោះឡើយ និងបានលើកម៉ូតជិះគេចខ្លួនបាត់ស្រមោលតែម្ដង៕ ប្រាថ្នា


ចែករំលែក៖