ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹបកម្សាន្ត២ទីតាំង ប្រឈមការបិទទ្វារអាជីវកម្ម ក្រោយអាជ្ញាធររកឃើញថាបានបង្កជាសម្លេងរំខាន ដល់ពលរដ្ឋក្បែរខាង នាពេលរាត្រី

ចែករំលែក៖

ភ្នំពេញ : ទីតាំងក្លឹបកម្សាន្ត Pop និង Disco ២ទីតាំង ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ត្រូវបានប្រជាពលរដ្ឋក្បែរខាងផ្តិតមេដៃប្តឹងទៅអាជ្ញាធរ ពាក់ព័ន្ធ ប្តឹងពីការបង្កសម្លេងបទភ្លេងរំពងអើងកង រំខានដល់ដំណេកនាពេលរាត្រីរបស់បងប្អូនពលរដ្ឋនៅតំបន់នោះ មិនអាចសម្រាកបានលក់ស្រួល ។

ទីតាំងក្លឹបកម្សាន្តទាំង២ ទី១មានយីហោ « ROUTE 57 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន និងមួយកន្លែងទៀតមានយីហោឈ្មោះ Blue Dog ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ខណ្ឌជាមួយគ្នា ។ ហើយអាជីវកម្មក្លឹបកម្សាន្តទាំង២ទីតាំងចាប់បើកដំណើរការតាំងពីម៉ោង៦ល្ងាច ដល់ម៉ោង២ ទៅ៣ទាបភ្លឺឯណោះ ។

ក្រុមប្រជាពលរដ្ឋ រស់នៅទល់ក្បែរខាងក្លឹបកម្សាន្តទាំង២ទីតាំងខាងលើ បានរៀបរាប់ត្អូញត្អែរ ពីការរំខានពីសំណាក់ សម្លេងបទភ្លេងឌីស្កូលាន់លឺសូរ ” ឌឹងៗៗ ” ចេញក្លឹបទាំង២ យ៉ាងខ្លាំងខ្លា បង្កការប៉ះពាល់ដល់ដំណេករបស់ពួកគាត់នាពេលរាត្រី មិនអាចសម្រានលង់លក់ស្រួលបាន ។ ក្រុមពលរដ្ឋ បន្ថែមថា ពួកគាត់ត្រូវចំណាយកម្លាំងធ្វើការងារប្រកបរបររកស៊ីចិញ្ចឹមជីវិតនៅពេលថ្ងៃ ហើយពេលរាត្រីពួកគាត់ត្រូវការសម្រាកយកកម្លាំងដើម្បីបន្តកិច្ចការងារ ឬប្រកបរបរអាជីវកម្មផ្សេងៗរបស់ខ្លួននៅថ្ងៃស្អែកបន្តទៀត ។ ប៉ុន្តែផ្ទុយទៅវិញ ជារៀងរាល់ពេលរាត្រីម្តងៗ ពិសេសពេលរំលងអាធ្រាត្រនោះ ពួកគាត់បែរជាត្រូវមកដេកទ្រាំចាំស្តាប់សម្លេងបទភ្លេងខ្លាំងៗលាន់ខ្ទរ ចេញពីក្លឹបកម្សាន្តទាំង២ ញាប់ញីរដល់បន្ទប់ក៏ដូចជាលំនៅឋានពួកគាត់តែម្តង ។ លើសពីនេះ នៅវេលាម៉ោងចាប់ពី១រំលងអាធ្រាត្រទៅ គឺពលរដ្ឋតែងលឺសូរមានសម្លេងរោទិ៍ម៉ូតូខ្លាំងៗ នៅចំណុចមុខក្លឹបកម្សាន្តនេះ ពីសំណាក់ក្រុមអ្នកដែលត្រឡប់ចេញពីហូបចុកសប្បាយនៅទីនោះ ។

សូមបញ្ជាក់ថា នៅវេលាយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ គណះកម្មាការចម្រុះដឹកនាំដោយលោកប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមន បានដឹកនាំក្រុមមន្ត្រីជំនាញ ចុះត្រួតពិនិត្យទីតាំងក្លឹបកម្សាន្តទាំង២ទីតាំង ដើម្បីពិនិត្យមើលថាតើ មានផលប្រឈមដូចបងប្អូនប្តឹងមកកាន់អាជ្ញាធរប្រាកដទេ .? ក្រោយការពិនិត្យ និងស្ទង់សម្លេងនៅក្នុងក្លឹបកម្សាន្តទាំង២យ៉ាងល្អិតល្អន់រួចមក ក្រុមមន្ត្រីជំនាញបញ្ជាក់ថា ទីតាំងក្លឹបកម្សាន្តទាំង២នេះ ពិតជាមានសម្លេងភ្លេងរំខានដល់ពលរដ្ឋ និងបើកដំណើរការលើសម៉ោងអាជីវកម្មដែលច្បាប់បានកំណត់ប្រាកដមែន ។

មន្ត្រីអាជ្ញាធរ ឲ្យដឹងថា បាតុភាពនេះកើតមានមកយ៉ូរហើយ ហើយអាជ្ញាធរក៏ធ្លាប់ណែនាំដល់ម្ចាស់អាជីវកម្មថែមទៀតផង ប៉ុន្តែម្ចាស់ទីតាំងហាក់គ្មានភាពខ្វល់ខ្វាយជាមួយច្បាប់ ពិសេសការប៉ះពាល់រំខានដល់បងប្អូនពលរដ្ឋក្បែរខាង ។ សូមបញ្ជាក់ថា នៅវេលាយប់ថ្ងៃខែដដែល អាជ្ញាធរបានកោះហោះម្ចាស់អាជីវកម្មក្លឹបកម្សាន្តទាំង២ទីតាំង មកធ្វើកិច្ចសន្យាជាលើកចុងក្រោយ ដោយតម្រូវឲ្យម្ចាស់អាជីវកម្មត្រូវបន្ថយសម្លេងបទភ្លេងក្នុងក្លឹបកម្សាន្តខ្លួន ៥០% នៃសម្លេងបទភ្លេងដែលធ្លាប់បានបើកកន្លងមក ។ មួយវិញទៀតនោះ អាជ្ញាធរតម្រូវឲ្យម្ចាស់អាជីវកម្មទាំង២ទីតាំង ត្រូវបិទទ្វាអាជីវកម្មរបស់ខ្លួនត្រឹមម៉ោង ១២រំលងអាធ្រាត្រ ជាកំហិត ។ ក្នុងលក្ខខណ្ឌ ដែលម្ចាស់ទីតាំងមិនគោរពទៅតាម កិច្ចសន្យា ក៏ដូចជាការណែនាំលើកចុងក្រោយនេះ អាជ្ញាធរនឹងមានវិធានការធ្ងន់ធ្ងរ រហូតសម្រេចបិទទ្វារអាជីវកម្មទីតាំងទាំង២ចោលតែម្តង ហើយមិនបន្តអនុញ្ញាតឲ្យមានការដំណើរការអាជីវកម្មជាថ្មីម្តងទៀតឡើយ ។

លោកប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមនឲ្យដឹងថា រាល់ទីតាំងក្លឹបកម្សាន្តទាំងអស់ ប្រសិនបើមានការប៉ះពាល់ ក៏ដូចជាការរំខានផ្សេងៗដល់ពលរដ្ឋជិតខាង ហើយអាជ្ញាធររកឃើញថាមានបាតុភាពដូចពលរដ្ឋលើកឡើងប្រាកដមែននោះ ទីតាំងទាំងនោះនឹងត្រូវផ្អាកការដំណើរការអាជីវកម្មជាបណ្តោះអាសន្នដើម្បីរកដំណោះស្រាយ ប៉ុន្តែបើបាតុភាពរំខាននោះនៅបន្តកើតមានដដែលៗ ទីតាំងទាំងនោះនឹងត្រូវប្រឈមនឹងការបិទទ្វារអាជីវកម្មចោលតែម្តង ។

ប្រភពព័ត៌មានខ្សឹបខ្សែវពីមន្ត្រីអាជ្ញាធរមូលដ្ឋាន លួចបង្ហើបឲ្យដឹងថា ទីតាំងអាជីវកម្មទាំង២ខាងលើ គឺជាទីតាំងអាជីវកម្មដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ពីមន្ទីរជំនាញ ក៏ដូចជាក្រសួងពាក់ព័ន្ធ ។ អភិបាលរងខណ្ឌ លោកប៊ុន សុភ័ក្ត្រ បញ្ជាក់ថា ប្រសិនបើម្ចាស់អាជីវកម្មបង្ហាញច្បាប់អាជីវកម្មរបស់ខ្លួនជាសាធារណះដល់អាជ្ញាធរ ក៏ដូចក្រុមអ្នកសារព័ត៌មាន នោះមានន័យថាទីតាំងទាំង២មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ប៉ុន្តែប្រសិនបើគ្មានការយកមកបង្ហាញនោះទេ នោះបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាតិ ។

គួររំលឹកថា កាលពីពេលកន្លងទីតាំង ក្លឹបកម្សាន្តមួយក្នុងចំណោមក្លឹបទាំង២ យីហោ ” 57 ” ធ្លាប់មានមន្ត្រីជំនាញប្រមាណ៣ ទៅ៤នាក់ ចុះទៅពិនិត្យស្តង់ដារបច្ចេកទេសដល់ទីតាំនោះ ប៉ុន្តែពេលចុះទៅដល់ បែរជាត្រូវមនុស្សមួយក្រុមប្រដាប់ដោយអាវុធខ្លីជាប់នឹងចង្កេះ ដកកាំភ្លើងដេញគំរាមក្រុមមន្ត្រីទាំងនោះ ឲ្យចេញពីក្លឹបកម្សាន្ត បង្កឲ្យពួកគេប្រញ៉ាប់ប្រញ៉ាលរត់ចេញពីទីតាំងនោះ ទាំងព្រលឹងចុងសក់គ្រប់គ្នា ។

ក្រុមជនជាតិបរទេសដែលរស់នៅអាគារខុនដូរមួយកន្លែងនៅទល់មុខ នឹងក្លឹបកម្សាន្ត ៥៧ បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា បច្ចុប្បន្នគាត់ពិតជា មានការពិបាករស់នៅណាស់ ដោយសារសម្លេងរំខាននាពេលរាត្រីលាន់ខ្ទរចេញពីក្លឹបមួយនេះ ។ គាត់បន្ថែមថា ប្រសិនបើម្ចាស់អាជីវកម្មចង់បើករកស៊ីបែបនេះ ហេតុអ្វីក៏មិនរកទីតាំងសមរម្យណាមួយដែលនៅឆ្ងាយពីទីប្រជុំជន ពិសេសគួរបើកដំណើរការ នៅទីតាំងដែលប្រមូលផ្តុំទៅដោយការសប្បាយនាពេលរាត្រី ដូចជាផ្សារកុងតឺន័រ ជាដើម ៕ ស រស្មី


ចែករំលែក៖