ភ្នំពេញ៖ លោក ម៉ែន ណាត និងបក្ខ ពួកដែលបានចោទប្រកាន់ទៅលើលោក ហ៊ុន ម៉ាណែត ថាបានលាក់លុយជាង២០០ លានដុល្លារនៅក្នុងធនាគារមួយមានឈ្មោះ BNP នៅប្រទេសបារាំង ព្រមទាំងដេញថ្លៃទិញអគាររបស់គណបក្ស Le Parti Socia- liste តម្លៃជាង៥៨លានអឺរ៉ូនោះកំសាកបំផុត មិនទាន់ហ៊ានឡើងសង្វៀនផងក៏លើកទង់ ជ័យសបោះបង់ការប្រកួតយ៉ាងអាម៉ាស់ បំផុត ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កាលពីប៉ុន្មានថ្ងៃមុនលោក ម៉ែន ណាត និង ក្រុមរបស់គាត់បានសរសេរចោទប្រកាន់លោកថាគាត់មានព័ត៌មានច្បាស់លាស់ និង ភស្តុតាងដែលបង្ហាញថា លោកមានលាក់ លុយ២០០លានដុល្លារក្នុងធនាគារនៅស្រុកបារាំងមួយមានឈ្មោះ BNP ព្រម ទាំងចោទប្រកាន់ទៀតថា លោកកំពុងមានឈ្មោះដេញថ្លៃទិញអគាររបស់គណបក្ស Le Parti Socialiste ដែលហ៊ានឱ្យថ្លៃជាង ៥៨លានអឺរ៉ូ ហើយគាត់( ម៉ែន ណាត) បានបង្ហាញកាសែតបារាំងដែលចុះផ្សាយទៀតផង ។
លោក ហ៊ុន ម៉ាណែត បន្តទៀតថា ក្នុងនាមជាកូនប្រុសដូចគ្នាមិនចាំបាច់និយាយចុះឡើងច្រើននាំឱ្យវែងឆ្ងាយអីទេលោក សូមបបួលលោក ម៉ែន ណាត ភ្នាល់គ្នាដោយ យុត្តិធម៌គឺយកអនាគតជីវិតនយោបាយ របស់យើងទាំង២ដាក់តែម្តង។ ទោះបីជា គាត់ថា មានព័ត៌មានឬភស្តុតាងក្នុងដៃក៏ ដោយក៏លោកផ្តល់ពេលទៅលោក ម៉ែន ណាត រហូតដល់២សប្តាហ៍ដើម្បីទៅរក ភស្តុតាងមកបង្ហាញថា ការចោទប្រកាន់ របស់គាត់ពិតជាត្រឹមត្រូវ និងមានមូលដ្ឋាន ច្បាស់លាស់មិនចេះតែនិយាយទេ ។
លោក ហ៊ុន ម៉ាណែត បានលើកឡើង បន្តទៀតថា នៅពេលដែលលោក ម៉ែន ណាត យកភស្តុតាងទាំងនោះមកបង្ហាញហើយខ្ញុំនឹងគាត់អាចរួមគ្នាស្នើសុំទៅស្ថានទូតបារាំងនៅភ្នំពេញ ឬស្ថានទូតខ្មែរនៅ បារាំងដើម្បីជួយសុំការបញ្ជាក់ពីធនាគារ BNP និងអ្នករៀបចំពិធីដេញថ្លៃអគារគណបក្ស Le Parti Socialisteថាភស្តុតាងដែល លោក ម៉ែន ណាត និងក្រុមគាត់ផ្តល់មក ឱ្យនេះពិតជាត្រឹមត្រូវឬទេ ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បន្ទាប់ពីលោកប្រកាសចេញមុខភ្នាល់ដាក់អនាគតជីវិតនយោបាយភ្លាមស្រាប់តែលោក ម៉ែន ណាត ឆ្លើយតបមកថា មិនបាច់ ភ្នាល់ទេ។ ចំណែកក្រុមរបស់លោក ម៉ែន ណាត បែរមកចោទលើរូបលោកវិញថា ហ៊ានភ្នាល់ដោយសារដឹងថា លោក ម៉ែន ណាត និងបក្ខពួកមិនអាចរកភស្តុតាងបានទៅវិញ។ លោក ហ៊ុន ម៉ាណែត ឆ្ងល់ថា ចុះ ម៉េចបានទៅជាអ៊ីចឹងវិញទៅ?
លោក ហ៊ុន ម៉ាណែត បានរំលឹកថា លោក ម៉ែន ណាត ដែលបានសរសេរ និង ផ្សព្វផ្សាយព័ត៌មានចោទលោកនិងធ្លាប់បានអះអាងប្រាប់គេឯងថា គាត់មានព័ត៌មាន ច្បាស់ណាស់ ចុះហេតុអ្វីលោកមិនហ៊ានភ្នាល់ជាមួយលោកទៅវិញ? ម៉្យាងទៀត ក្រុមលោក ម៉ែន ណាត ដែលជួយបន្ទរពេល លោកចោទបែរជាទទួលស្គាល់ថាលោក ម៉ែន ណាត មិនអាចរកភស្តុតាងបានទៅ វិញ។ ចុះពេលគាត់សរសេរលើកមុនគឺបាន ន័យថា គាត់សរសេរអត់មានភស្តុតាងត្រឹមត្រូវទេឬ?
បើតាមការសារភាពរបស់ក្រុមគាត់ ដូច្នេះបានន័យថាលោក ម៉ែន ណាត ឆ្លើយ យ៉ាងលឿនថា មិនហ៊ានភ្នាល់នោះដោយសារតែលោកគ្មានភស្តុតាងពិតប្រាកដមែន។ លោក ហ៊ុន ម៉ាណែត ហ៊ានភ្នាល់ព្រោះលោកគ្មានអ្វីដែលត្រូវលាក់បាំងទេ។ ផ្ទុយទៅវិញលោក ម៉ែន ណាត និងក្រុម គាត់បែរជាមិនហ៊ានភ្នាល់ ព្រោះគាត់គ្មានភស្តុតាងដូចដែលគាត់ធ្លាប់អួតពេលគាត់សរសេរចោទប្រកាន់ អ៊ីចឹងលោក ម៉ែន ណាត និងក្រុមរបស់គាត់ហ៊ានស៊ីតែមិនហ៊ានសងទេ ។
លោក ហ៊ុន ម៉ាណែត បានគិតថា បង ប្អូនដែលតាមដានរឿងនេះប្រាកដជាបានមើលឃើញ និងយល់ច្បាស់ហើយអ្នកខ្លះពូកែខាងសរសេរ និងផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត ប៉ុន្តែមិនហ៊ានទទួលខុសត្រូវ ចំពោះអ្វីដែលខ្លួនបានសរសេរ ឬផ្សព្វ ផ្សាយនោះទេ។
ហេតុដូច្នេះសូមលោក ម៉ែន ណាត និងក្រុមរបស់លោកកុំមានការភ្ញាក់ផ្អើលអ្វីក្នុងការដែលខ្ញុំនិងប្រជាពលរដ្ឋទូទៅឈប់រវល់ ព្រមទាំងឈប់ឱ្យតម្លៃទៅលើអ្វីដែលលោក និងក្រុមលោកសរសេរឬផ្សព្វផ្សាយតទៅទៀត ព្រោះវាអត់មានអ្វីជាមូលដ្ឋានពិតប្រាកដហើយដដែលៗដូចក្នុងករណីនេះ អ៊ីចឹង ៕ ហេង សូរិយា