ភ្នំពេញ៖ ក្នុងខណៈដែលអាវុធគីមីត្រូវបានរកឃើញនៅតាមទីតាំង ជាច្រើនកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជានោះ ក្រសួងការបរទេសកម្ពុជា បានស្នើសុំជំនួយពីអង្គការ ហាមឃាត់អាវុធគីមី ដើម្បីបោសសម្អាត និងបំផ្លាញចោលអាវុធទាំងនោះនៅថ្ងៃអនាគត។
យោងតាមសេក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ក្រសួង ការបរទេសបាន ឲ្យដឹងថា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរលិខិតមួយច្បាប់កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ផ្ញើជូនលោក Ahmet Uzumcu អគ្គនាយកនៃអង្គការហាមឃាត់អាវុធគីមី នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីជម្រាបជូនពីការរក ឃើញអាវុធគីមីនៅកម្ពុជា និងស្វែងរកជំនួយរបស់អង្គការហាមឃាត់អាវុធគីមី ក្នុងបញ្ហានេះ។
ក្នុងលិខិតបានគូសបញ្ជាក់ថា ខ្ញុំសូមជម្រាបលោកថា នៅក្នុងប្រតិបត្តិការបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលមានផលប៉ះពាល់តំបន់ជាច្រើននៃផ្ទៃប្រទេសកម្ពុជា បានប្រទះឃើញ អាវុធគីមីមួយចំនួន។ កាលពីខែមីនា និងខែមេសា ឆ្នាំ២០១២ អ្នកជំនាញមកពីអង្គការហាមឃាត់អាវុធគីមី បានពិនិត្យ និងបញ្ជាក់វត្តមាននៃអាវុធគីមី ដែលត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរី។
នៅដើមខែតុលា ឆ្នាំ២០១៧ ថ្មីៗនេះ យើងបានយកចេញកាកសំណល់អាវុធមួយចំនួន ពីសាលាបឋម សិក្សាគគីរ និងវត្ត ក្នុងឃុំគគីរខេត្តស្វាយរៀង ដែលក្រោយមកត្រូវបានបញ្ជាក់ដោយអ្នកជំនាញ ពីអាជ្ញធរជាតិគីមី (NACW) និងមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (CMAC) ថាសារធាតុដែល រកឃើញក្នុងអាវុធទាំងនោះ ស៊ីគ្នានឹងនិយមន័យអាវុធគីមី ចែងក្នុងមាត្រា II កឋាខណ្ឌ១ (១) និង (b) នៃអនុសញ្ញាស្ដីពីអាវុធគីមី។ នៅក្នុងឃុំ គេពិនិត្យឃើញមានជនរងគ្រោះមួយចំនួនផងដែរ។
មកដល់សព្វថ្ងៃ មានទីតាំងចំនួន៣៤កន្លែង ដែលត្រូវបានរកឃើញថាមានផ្ទុកអាវុធប្រភេទដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជា។ អនុលោមតាមមាត្រា III កឋាខណ្ឌ១ (b) នៃអនុសញ្ញាស្ដីពីការហាមឃាត់ ការអភិវឌ្ឍន៍ ការផលិត ការរក្សាទុក ការប្រើប្រាស់ និងការបំផ្លាញចោលអាវុធគីមី ព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថា កម្ពុជារងផលប៉ះពាល់ដោយសំណល់អាវុធគីមីពីសង្គ្រាម ប្រើប្រាស់អំឡុងទស្សវត្សឆ្នាំ១៩៦០ និង១៩៧០។ ជាមួយនេះ ដូចលោកបានជ្រាបហើយ អនុសញ្ញាក៏តម្រូវឲ្យរដ្ឋដែលបានប្រើប្រាស់ និងបន្សល់ទុកអាវុធគីមី ធ្វើការប្រកាសផងដែរ។
លិខិតបានគូសបញ្ជាក់ទៀតថា ប្រឈមមុខនឹងមហន្តរាយនេះ ដើម្បីធានាសុវត្ថិភាព និងសុខមាលភាព របស់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា អនុលោមតាមផ្នែក IV (B) កឋាខណ្ឌ៨ នៃអនុសញ្ញា ស្នើសុំជំនួយពីអង្គការហាមឃាត់អាវុធគីមី ក្នុងដំណើរការផ្ទៀងផ្ទាត់ គ្រឿងផ្ទុះទាំងអស់នៅតាមកន្លែង ដែលបានទទួលស្គាល់រួចហើយ និងជំនួយដើម្បីគាំទ្រដល់ការស្រាវជ្រាវបន្ថែមទៀត អំពីផលប៉ះពាល់ នៃអាវុធគីមី ព្រមទាំងការបោសសម្អាត និងការបំផ្លាញអាវុធទាំងនេះ នៅថ្ងៃអនាគត។
ក្នុងឋានៈជារដ្ឋភាគីនៃអនុសញ្ញា រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីពីការបន្តប្ដេជ្ញាចិត្ត និងគាំទ្រដល់ កិច្ចការងាររបស់អង្គការហាមឃាត់អាវុធគីមី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញភារកិច្ច និងកាតព្វកិច្ច តាមការកំណត់របស់អនុសញ្ញានេះ៕ ហេង សូរិយា