ពិធីបុណ្យអកអំបុក ប្រណាំងទូកង ដែលជាពិធីបុណ្យប្រពៃណីរបស់ពលរដ្ឋខ្មែរនៅភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ មិនដែល ខានឡើយ។ មិនតែប៉ុណ្ណោះ ការប្រណាំង ទូកង ត្រូវបានលើកកម្ពស់ ក្លាយទៅជាពិធីបុណ្យប្រពៃណីទ្រង់ទ្រាយធំទៀតផង ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិ បាលវៀតណាមនៅក្នុងការជួយថែរក្សា ទំនៀមទម្លាប់ប្រពៃណីរបស់ពលរដ្ឋខ្មែរ។
ការប្រណាំងទូកងនៅខេត្ត សុកទ្រាំង (ឃ្លាំង) កម្ពុជាក្រោម ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ក្រោម បរិយាកាសសប្បាយរីករាយ។ នៅក្នុងការ ប្រណាំងទូកង ឆ្នាំ២០១៧នេះ មានការ ចូលរួមពីទូកងខេត្តនានាជាច្រើនដូចជា ខេត្តកៀងយ៉ាង, កឹងធឺ, ទឹកខ្មៅ, ពលលាវ … និងម្ចាស់ផ្ទះខេត្តឃ្លាំង។ សរុបមានទូក ចូលរួមរហូត៦១ទូក ក្នុងនោះមានទូកង បុរស៤៩ទូក និងទូកងស្រ្តី១២ទូក។
ការប្រណាំងទូកងនៅខេត្តឃ្លាំង គឺ ខុសពីការប្រណាំងនៅកម្ពុជា ដោយការ ប្រណាំងនៅទីនោះ គឺរង្វាន់លេខ១, ២, ៣ មានតែ១ទូកប៉ុណ្ណោះ ដូចជាការប្រកួត បាល់ទាត់អ៊ីចឹង។ ក្នុងចំណោមទូកងបុរស ទាំង៤៩ទូក ត្រូវចែកចេញជា១៦ពូល ប្រណាំងជម្រុះនៅថ្ងៃដំបូង ដើម្បីជ្រើស រើសយក៣២ទូក ទៅប្រណាំងថ្ងៃទី២ផ្តាច់ ព្រ័ត្រ។ ចំណែកទូកស្រីមាន១២ទូក ចែក ចេញជា៤ពូល អុំជម្រុះដូចគ្នា។ សូម បញ្ជាក់ថា ទូកងបុរស អុំចម្ងាយ១,២០០ ម៉ែត្រ ចំណែកស្ត្រីអុំតែ ១,០០០ម៉ែត្រ ប៉ុណ្ណោះ។
ដោយសារតែមានការយកចិត្តទុកដាក់ទៅលើពលរដ្ឋខ្មែរពិសេសគឺពិធីបុណ្យ ទំនៀមទម្លាប់ប្រពៃណី និងការយកចិត្ត ទុកដាក់ជួយដល់ជីវភាពរស់នៅរបស់ពលរដ្ឋមានការធូរធារជាងមុន វត្តជាច្រើនក៏ បានសម្រេចបោះទូកថ្មី ដើម្បីចូលរួម ប្រណាំងក្នុងពិធីបុណ្យប្រពៃណីមិនអាច ខ្វះបាននេះ។ មិនតែប៉ុណ្ណោះ វត្តខ្លះមាន ទូកងចូលរួម រហូតដល់ទៅ២ដូចជា វត្ត ឃ្លាំងមាន២ទូក, វត្តជ្រោយទឹកចាស់មាន ២ទូក, វត្តព្រែកតាកួនមាន២ទូក, វត្តព្រែក ចេកមាន២ទូក បុរស១ ស្ត្រី១…។
ចំណែកលទ្ធផលនៃការប្រណាំងទូកងប្រពៃណីរបស់ពលរដ្ឋខ្មែរ នៅកម្ពុជាក្រោម ឆ្នាំនេះ រង្វាន់លេខ១បានទៅលើទូកងមក ពីវត្តនរេន្ទរង្សី អុង ខ (ក៏ជាម្ចាស់ជើងឯកពានរង្វាន់ទូកងលេខ១កាលពីឆ្នាំ២០១៦ បន្តរក្សាជើងឯក) ស្ថិតនៅស្រុកថាញ ទ្រី ខេត្តឃ្លាំង និងលេខ២ គឺវត្តពងទឹក ចាស់ នៅក្នុងស្រុកជាមួយគ្នា ខុសតែឃុំ ប៉ុណ្ណោះ។ ចំណែកលេខ៣ និងលេខ៤ បានទៅលើទូកង មកពីស្រុកមីសៀង។
រង្វាន់លេខ១ទទួលបានទឹកប្រាក់ ១៥០លានដុង និងប្រាក់រង្វាន់ផ្សេងៗទៀត ហើយសម្រាប់ទូកណាដែលឆ្លងផុតវគ្គ នីមួយៗ គឺសុទ្ធតែមានរង្វានទាំងអស់។ ចំណែកលេខ២ទទួលបាន ១០០លានដុង និងលេខ៣ទទួលបាន ៨០លានដុង។ ពិធីបុណ្យបានបញ្ចប់ទៅដោយជោគជ័យ ដោយមានការរក្សាសន្តិសុខសុវត្ថិភាព យ៉ាងល្អបំផុត៕ ម៉ែវ សាធី