ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ពាក់ពន្ធ័នឹងករណីឆក់ទួរស័ព្ទ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ហាត ឌីណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិតាបិប សង្កាត់បាវិត និងឈ្មោះ ឈឿន សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ។
ប្រភបបន្តថា តាមដំណើររឿង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៣រំលងអធ្រាត្រ មានករណីឆត់ទួរស័ព្ទរបស់នារីរងគ្រោះជនជាតិវៀតណាមម្នាក់ ឈ្មោះ ម៉ាយ ធីធួហៀង ជាបុគ្គលិកកាស៊ីណូ ខណៈដែលកំពុងអង្គុយហូបអាហារនៅផ្សាររាត្រី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយត្រូវបានជនមិនស្គាល់មុខចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពឆក់យកទួរស័ព្ទរបស់នាងម៉ាកអាយហ្វូនសិចផ្លើស់ ទៅបាត់ ដោយទាំងប្រាក់ដុល្លា៣៥០ទៀត ដែលដាក់ចូលក្នុងស្រោមទួរស័ព្ទនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់។
ប្រភពបន្តថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្តកិច្ចទើបនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏បានប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ហាត ឌីណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិតាបិប សង្កាត់បាវិត និងបានបន្តឃាត់ខ្លួនឈ្មោះ ឈឿន សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ ដែលមានផ្ទះនៅខាងក្រោយផ្សាអន្តរជាតិបាវិត តែម្ដង។
ចំពោះជនសង្ស័យទាំង២នាក់នេះ បានឆ្លើយសារភាពថា ខ្លួនពិតបានធ្វើសកម្មភាពឆក់ទួរស័ព្ទបានសម្រេចពីរលើកមកហើយ គឺលើកទី១នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ម៉ោង៣ជិតភ្លឺ និងនៅលើកទី២ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោងយប់។
ដោយឡែកបក្ខពួកជនសង្ស័យ២នាក់ទៀតដែលកំពុងរត់គេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាត់ការតាមច្បាប់៕ យឹម សុថាន