ប៉ោយប៉ែត៖ អង្គភាពអាវុធហត្ថខេត្ត និងក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្ត បានសាងសង់ផ្ទះមន្ត្រីយោធា ដែលចូលនិវត្តន៍ម្នាក់ទទួលបានផ្ទះ១ខ្នង ធ្វើអំពីឈើជញ្ជាំងក្ដារ ដំបូលស័ង្កសី មានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ដែល ចំណាយថវិកាអស់ប្រហែលជាង៤០០០ដុល្លារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។
កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាង លោកមេញ្ជាការ អមដំណើរដោយលោកមេបញ្ជាការង និងនាយទាហាន នៃកងរាជអាវុធហត្ថ បានចុះសាងសង់ផ្ទះ១ខ្នង ជូនដល់មន្ត្រីយោធាដែលចូលនិវត្តន៍ម្នាក់ឈ្មោះ ចំ លឿត ភេទប្រុស អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ធី ប្រាង អាយុ៣៩ឆ្នាំ ត្រូវបានអង្គភាពអាវុធហត្ថខេត្ត និងក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្តសាងសង់ផ្ទះជូន១ខ្នង ធ្វើអំពីឈើ ជញ្ជាំងក្ដារ ដំបូលស័ង្កសី មានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ចំណាយថវិកាអស់ប្រហែលជាង៤០០០ដុល្លារ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ករណីនេះដែរ លោកឧត្ដមសេនីយ៍ត្រី វង្ស ធី បានមានប្រសាសន៍ថា ក្នុងការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជននេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលមាន លោកនាយឧត្ដមសេនីយ៍ គន់ គីម នាយរងសេនាធិការចម្រុះ និងជាប្រធានលេខាធិការអចិន្ត្រៃអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុកដាក់ដល់យុទ្ធជនជាមន្ត្រីយោធាគ្រប់រួបរួមសុខរួមទុក្ខ និងចុះជួយដល់យោធិនចូលនិវត្តន៍ដោយមិនប្រកាន់និន្នាការនយោបាយឡើយ៕ វណ្ណា