ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបានប៉ុស្តិ៍ដង្កោ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រី២នាក់ម្តាយកូនដែលកំពុងតែធ្វើដំណើរតាមផ្លូវបានសម្រេច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កា ខណ្ខដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះ២នាក់ម្តាយកូន ឈ្មោះ សុឹម ឡេង ភេទស្រី អាយុជាង៥០ឆ្នាំ និងកូនឈ្មោះ អាង ដានី ភេទស្រី អាយុប្រហែល២០ឆ្នាំ។
ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ខដង្កោ (ជាអ្នកបើកម៉ូតូ ) និងទី២ ឈ្មោះ វឿន ដាវិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ខដង្កោ មានទីលំនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ ជនសង្ស័យទាំង២នាក់ជាមុខសញ្ញាឆក់ពេលរាត្រី៦ដងបានសម្រេច លើកទី៧ឆក់ទៀតត្រូវសម្ថតកិច្ចចាប់បាន។
យោងតាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនពេលកើតហេតុ ពីរនាក់ម្តាយកូនបានឌុបគ្នាទៅធ្វើការនៅរោងចក្រ បានធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីរត្បួងទៅជើង ស្រាប់តែមកដល់ចំណុចខាងមុខមណ្ឌលសុខភាពដង្កោ ក៏មានជនសង្ស័យទាំង២នាក់ ដែលបានជិះម៉ូតូមួយគ្រឿងម៉ាក ហុង ដា គុប ពណ៌ទឹកប្រាក់មានស្លាកលេខ ភ្នំពេញ ១ FR ៩២៤៧ បានជិះមកក្បែរម៉ូតូរបស់ជនរងគ្រោះបានឆក់កាបូបស្ពាយពីជនរងគ្រោះ ហើយបានជិះបម្រុងគេចខ្លួន តែត្រូវបានជនរងគ្រោះបានស្រែកថា ចោរៗឆោឡោឡើងផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ដង្កោដែលកំពុងល្បាតបានដេញតាមឃាត់ខ្លួនបានភ្លាមៗហើយយកមកប៉ុស្តិ៍ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោដើម្បីកសាងសំណុំរឿងបន្តទៅអធិកាដ្ឋាននគរបាលខណ្ខដង្កោចាត់ការតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ