ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីគុកបាន១៥ថ្ងៃចាក់សម្លាប់ស្ត្រីម្នាក់ស្លាប់រួចចាក់ខ្លួនឯងឈាមជោកខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹកបន្ទាប់ពីបុរសម្នាក់ដែលទើបនឹងចេញពីគុកបានយកកាំបិតចាក់បំពង់កស្ត្រីម្នាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ស្ថិតនៅភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ។ ក្រោយពេលកើតហេតុ បុរសនោះបានព្យាយាមគេចខ្លួនតែត្រូវ សមត្ថកិច្ចអន្តរាគមន៍ដេញចាប់បានហើយ ភ្លាមនោះជនសង្ស័យរត់ឡើងទៅលើដំបូលផ្ទះព្យាយាមចាក់សម្លាប់ខ្លួនឯងជាក្រោយនិងបានលោតចុះដីបំណងសម្លាប់ខ្លួនដែរតែមិនបានដូចបំណង ។

ជនរងគ្រោះឈ្មោះ ថៃ គីម ភេទស្រី អាយុ៤១ឆ្នាំមុខរបរសីុឈ្នួលលក់នំគ្រក់ឲ្យគេស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯជនសង្ស័យឈ្មោះ ចាន់ ថាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិថ្ម គោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ និងទើបតែចេញពីពន្ធនាគារបាន ១៥ថៃ្ងប៉ុណ្ណោះ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យទើបតែចេញពីគុក បាន១៥ថ្ងៃប៉ុណ្ណោះដែលជាប់ពាក់ព័ន្ធអំពើប្លន់និងជួញដូរគ្រឿងញៀន។ ក្រោយពីចេញ គុុកក៏បានស្គាល់នារីរងគ្រោះហើយបាន រស់នៅជាមួយគ្នារយៈពេលខ្លីប្រៀបដូចប្តីប្រពន្ធមិនទាន់រៀបការ ។

សាក្សីបន្តថា លុះមកដល់វេលាកើតហេតុខាងលើមិនដឹងថាអ្នកទាំង២មានទំនាស់អ្វីនោះទេទើបឈានដល់ការប្រើ ហឹង្សាដោយជនសង្ស័យបានយកកាំបិត ចុងស្រួចចាក់បំពង់កនារីរងគ្រោះជាច្រើនកាំបិតបណ្តាលអោយស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។

បន្ទាប់ពីចាក់សម្លាប់នារីរងគ្រោះរួចជនសង្ស័យបានព្យាយាមគេចខ្លួនតែភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរបានរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍និងដេញព័ទ្ធចាប់ជនសង្ស័យជនសង្ស័យក៏ បានព្យាយាមឡើងលើដំបូលផ្ទះគេក្បែរនោះយកកាំបិតចាក់សម្លាប់ខ្លួននិងលោកចុះដីតែមិនបានសម្រេចគឺបានត្រឹមរងរបួស ធ្ងន់ប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះរង់ចាំចាត់ការតាមច្បាប់។ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច កោសល្យវិច័យ ទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ។

យ៉ាងណាសមត្ថកិច្ចសន្និដ្ឋានជំហាន ដំបូងថា ជនសង្ស័យអាចប្រើប្រាស់គ្រឿងញៀនជ្រុល និងទំនងជាប្រចណ្ឌស្រ្តីរងគ្រោះផងទើបទប់ស្មារតីមិនបានរហូតចាក់សម្លាប់នាងយ៉ាងសហាវបែបនេះ ៕ សុខាសែនជ័យ


ចែករំលែក៖