ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ យាយយ៉ុនប៉ាវផ្តាច់ឈើនៅស្រុកសណ្តាន់

ចែករំលែក៖

មេឈ្មួញរកស៊ីឈើល្បីឈ្មោះនៅស្រុកសណ្តាន់ ខេត្តកំពង់ធំត្រូវបានគេស្គាល់ឈ្មោះថា យាយយ៉ុន អាចដឹកឈើទាំងរថយន្តៗតែសមត្ថកិច្ចជំនាញមិនបង្ក្រាបទេ ដោយរក្សាទុកចិញ្ចឹមឆ្នាំងបាយ។ ប្រជាពលរដ្ឋនៅស្រុកសណ្តាន់បានបញ្ជាក់ថា យាយ យ៉ុន មានឥទ្ធិពលខ្លាំងគួរសមឬក៏អាចនិយាយថាគាត់បានសូកប៉ាន់មន្ត្រីជំនាញយ៉ាងក្រាស់ក្រែលផងដែរទើបមន្ត្រីជំនាញមិនហ៊ានប៉ះពាល់រថយន្តដឹកឈើរបស់គាត់នោះ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញដឹកជញ្ជូនចេញពីទឹកដីស្រុកសណ្តាន់ ខេត្តកំពង់ធំទាំងថ្ងៃទាំងយប់។ ចំណែកខាងសមត្ថកិច្ចជំនាញលែងខ្ចីបង្ក្រាបដេកចាំ យកតែលុយវិញស្រួលជាង ដែលបញ្ហានេះបានកើតឡើងជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋមូលដ្ឋានបានរិះគន់ថា គ្មានមន្ត្រីណាស្អាតស្អំទេ ព្រោះបទល្មើសព្រៃឈើបានកើតឡើងក្បែរច្រមុះនិងភ្នែករបស់មន្ត្រីទាំងនោះ តែបែរជាមន្ត្រីទាំងនោះមិនបង្ក្រាប ហើយចាំតែយកលុយពីឈ្មួញឈើស្ងាត់ៗដោយគ្មានខ្វល់ពីតួនាទីរបស់ខ្លួនឡើយ ។

សេចក្តីរាយការណ៍ពីពលរដ្ឋនៅស្រុកសណ្តាន់បានរៀបរាប់ថានៅតំបន់អូរគ្រញូង ស្ថិតនៅក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គឺជាទីតាំងស្តុកទុកនិងចល័តឈើ របស់យាយយ៉ុន ហើយនៅទីតាំងខាងលើនេះមានមន្ត្រីជំនាញជាច្រើនបានឈរជើង និងចល័តឆ្លងកាត់តែមិនដែលឃើញមានការបង្ក្រាបឡើយ។ ប្រភពដដែលបាន បញ្ជាក់ទៀតថា ឈ្មួញដឹកឈើឈ្មោះយាយយ៉ុន នេះរកស៊ីដឹកជញ្ជូនឈើឡើងដុះស្លែយូរណាស់មកហើយគឺតែងតែដឹកឈើចេញពីក្នុងភូមិសាស្ត្រគ្រប់គ្រងដោយនាយផ្នែករដ្ឋបាលព្រៃឈើទំរីងគឺលោក សៅ វ៉ាន្នី ហើយក៏មិនដែលឃើញខាងជំនាញយកចិត្តទុកដាក់បង្ក្រាបបទល្មើសនោះដែរនៅក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា មានក្រុមមន្ត្រីជំនាញជាច្រើនស្ថាប័នទាំងមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងនគរបាលជាដើមតែបទល្មើសព្រៃឈើនៅតែបន្តកើតមានជាបន្តបន្ទាប់ ហើយឈើទាំងនោះអាចដឹកចេញពីក្នុងព្រៃចល័តទៅទីតាំងផ្សេងៗទៀត បានដោយរលូន។ បើមន្ត្រីទាំងនោះស្អាតស្អំ និងមានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាប បទល្មើសព្រៃឈើគឺបទល្មើសទាំងនេះមិនអាចកើតឡើងបានឡើយ ហើយឈ្មួញក៏ មិនអាចដឹកជញ្ជូនឈើចេញពីក្នុងព្រៃបានដែរ ៕

 


ចែករំលែក៖