ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាអន្តរាគមន៍ជួយពលរដ្ឋខ្មែរ៦នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជានៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រកាសថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយដោះស្រាយបញ្ហា និង រៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៤នាក់ ។

លោកជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា ពលករ-ពលការិនីខ្មែរចំនួន៤នាក់ដូចមានរាយនាមខាងក្រោម៖

(១) ពលការិនី សឿន ម៉ារឌី អាយុ២៩ឆ្នាំ មកពីខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និង (២) ពលការិនី សាំង ស៊ន អាយុ៣៨ឆ្នាំ មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃទៅធ្វើការជាអ្នកបោសសំអាតនៅម៉ាឡេស៊ី កាលពីខែមីនា ឆ្នាំ២០១៧ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលការិនីទាំងពីរនាក់ បានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ។ អ្នកទាំងពីរ បានទទួលប្រាក់ខែគ្រប់ចំនួនពីនិយោជក។

(៣) ពលការិនី ណាង ឆូយ អាយុ២៧ឆ្នាំ មកពីស្រុកតំបែរ ខេត្តកំពង់ចាម បានទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីខែកញ្ញា ឆ្នាំ២០១៦។ ដោយសារពលការិនីចង់ត្រឡប់មកកម្ពុជាវិញ ភ្នាក់ងារក្រុមហ៊ុន បាននាំនាងទៅស្ថានទូតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ព្រមទាំងប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅខ្វះ ជូនពលការិនី។

(៤) ពលករ គង់ សុខុន អាយុ៣៥ឆ្នាំ មកពីស្រុកបាណន់ ខេត្តបាត់ដំបង បានទៅរកការងារធ្វើនៅម៉ាឡេស៊ី កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈមេខ្យល់។ ក្រោយដឹងថាចាញ់បោកមេខ្យល់ គាត់បានលួចរត់ចេញពីផ្ទះមេខ្យល់ និងទៅលាក់ខ្លួននៅផ្ទះមិត្តភក្តិនៅរដ្ឋ Selangor។ ស្ថានទូតបានទទួល យកពលករ គង់ សុខុន មកស្នាក់នៅក្នុងស្ថានទូតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ និងបានចេញលិខិតធ្វើដំណើរ និងឧបត្ថម្ភថ្លៃបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយអង្គការអន្តរជាតិទេសន្តប្រវេសន៍(IOM) បានឧបត្ថម្ភសំបុត្រយន្តហោះជូនពលករ តាមសំណូមពររបស់ស្ថានទូត។

ពលការិនី៣នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៩:៥០នាទីព្រឹកតាមជើងយន្តហោះMH754។ ចំណែកពលករ គង់ សុខុន បានមកដល់នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៩:៥០នាទីព្រឹក តាមជើងយន្តហោះ AK754។

ដំណាលគ្នានេះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានសហការជាមួយនគរបាលខេត្តឡាក់សឺន ជួយសង្រ្គោះនារីខ្មែរ២នាក់ ឈ្មោះ ព.ឡ.ល អាយុ២១ឆ្នាំ និងឈ្មោះ ល.ច អាយុ២៧ឆ្នាំ មកពីស្រុកឆ្លូង ខេត្តក្រចេះ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំយកទៅរៀបការនៅប្រទេសចិន។ នារីទាំងពីរនាក់ បានចេញដំណើរពីកម្ពុជានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ទៅដល់ខេត្តឡាក់សឺន នៅថ្ងៃទី២៩ ខែតុលា ដោយមេខ្យល់រង់ចាំទទួលនៅចំណតរថយន្ត ហើយបម្រុងនាំឆ្លងដែនទៅប្រទេសចិន ប៉ុន្តែត្រូវបាននគរបាលខេត្តឡាក់សឺនឃាត់ខ្លួនសួរនាំ។

ស្ថានទូតបានទទួលនារីទាំងពីរនាក់មកស្នាក់នៅបណ្តោះអាសន្ន ដើម្បីរៀបចំសំណុំបែបបទបញ្ជូនមកកម្ពុជាវិញ ហើយពួកគេបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៤:១០នាទី៕

 


ចែករំលែក៖