ភ្នំពេញ៖ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពយកដុំថ្មវាយទៅលើបុរសម្នាក់ ដើម្បីប្លន់យកម៉ូតូរហូតបានសម្រេច និងបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់តែត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ជនសង្ស័យបាន២នាក់មកវិញភ្លាមៗ តែម្នាក់ទៀតបានជិះរត់គេចខ្លួនបាត់ស្រមោល។
ក្នុងករណីវាយប្លន់យកម៉ូតូខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតវត្តស្លែង ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទី១មានឈ្មោះ ចាន់ ប៊ុនថន អាយុ២០ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានស្រុកកំណើតនៅភូមិទួលអំពិល ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនសង្ស័យទី២ ឈ្មោះឈៀ សុភាព អាយុ១៨ឆ្នាំ មុខរបររត់តុការស្នាក់នៅឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចមូលដ្ឋានបានដឹងពីជនរងគ្រោះប្រាប់ថា បុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក zumer x ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GA_ 8915 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពេលជិតដល់និងវត្តស្លែង ភ្លាមនោះ ក៏លេចមុខជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពាក់ស្លាកលេខ ភ្នំពេញ 1GF_6212 បានមកធ្វើសកម្មភាពយកដុំថ្មរួមនឹងមានដាវមួយដើមវាយទៅលើជនរងគ្រោះចំក្បាលបណ្តាលឲ្យដួលភ្លាមៗនិងរងរបួសធ្ងន់ ហើយជនសង្ស័យក៏បានលើកម៉ូតូជនរងគ្រោះជិះរត់ តែត្រូវបានសមត្ថកិច្ចដែលកំពុងល្បាតឃើញ ក៏ព្យាយាមជិះដេញតាមរហូតមកដល់រង្វង់មូលចោមចៅជនសង្ស័យក៏បំបែកផ្លូវគ្នា ភ្លាមនោះសមត្ថកិច្ចដេញតាមចាប់បានជនសង្ស័យ២នាក់ដែលជិះម៉ូតូនិចបានភ្លាមៗផងដែរ។ ចំណែកជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូរបស់ជនរងគ្រោះរត់គេចខ្លួនបានបន្តិច ក៏ឈប់ម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកឯជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចកំពុងសាកសួរនៅអធិការនគរបាលខណ្ឌដង្កោ ដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យម្នាក់ទៀតយកមកចាត់ការតាមនីតិវិធី៕ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច