ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនរអិលទឹកភ្លៀងក្រឡាប់ធ្លាក់ផ្លូវរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកោះកុងៈ យ៉ាងហោចណាស់មានមនុស្ស២នាក់ បានរងរបួសធ្ងន់និងស្រាល ខណៈមានរថយន្តស្ដារិចមួយគ្រឿងបើកបរក្នុងល្បឿនលឿនគ្រាមេឃកំពុងមានភ្លៀងធ្លាក់ ធ្វើឲ្យអ្នកបើកបរជាន់ហ្វ្រាំងទាំងបង្ខំជាហេតុធ្វើឲ្យអូសជាច្រើនម៉ែត្រ និងរអឹល ក្រឡាប់ធ្លាក់ផ្លូវបី បួនត្រឡប់ខូចខាតរថយន្តយ៉ាងដំណំ ។

ឧប្បត្តិហេតុគ្រោះគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ត្រង់ចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AP-០៧១៦ បើកបរឈ្មោះ វ៉ាន់ ថុល ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិសង្គ្រោះ ឃុំត្រពាំងស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រែវែង របួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀត របួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើអន្តរាគមន៍ ដើម្បីជួយសង្គ្រោះជនរងគ្រោះដឹកទៅកាន់មន្ទីរពេទ្យ និងបានស្ទូចយករថយន្តមួយគ្រឿងនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក បុទុមសាគរ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមក្រោយ ៕ ប្រាថ្នា


ចែករំលែក៖