ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករមាស ច័ន្ទមាន ប៉ះជាមួយ Singvisnu ខណៈដែលអ្នកប្រដាល់៤នាក់ ត្រូវប្រកួតដណ្តើមកៅអីវគ្គ៨នាក់

ចែករំលែក៖

ភ្នំពេញ៖ កីឡាករជើងខ្លាំងកម្ពុជា មាស ច័ន្ទមាន មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ត្រូវ បានផ្គូរផ្គងឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Singvisnu ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ ដោយឡែក ការប្រកួតជម្រុះវគ្គ១៦នាក់ឆ្ពោះទៅកាន់កៅអីវគ្គ៨នាក់ តម្រូវលើកីឡាករ៤នាក់ផ្សេងទៀត នៃពានររង្វាន់ TV5 Knock Out Series ទម្ងន់៦៥ គីឡូក្រាម នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស នាល្ងាចថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

លោក សេង កដិការ អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឲ្យដឹងថា អ្នកប្រដាល់ថៃ ឈ្មោះ Singvisnu ដែលមកជួបប្រកួតជាមួយ មាស ច័ន្ទមាននាចុងសប្តាហ៍នេះ ជាអ្នកប្រដាល់ចំណូលថ្មី មិនធ្លាប់មកប្រកួត នៅកម្ពុជានោះទេកន្លងមក ។ កីឡាករ Singvisnu មានកំណត់ត្រាប្រកួតចំនួន៧៧ដង ឈ្នះ៦១ដង ចាញ់១៥ដង និង ស្មើ១ដង។

ដោយឡែកអ្នកប្រដាល់កម្ពុជា គឺកីឡាករ មាស ច័ន្ទមាន ដែលមានកាយសម្បទារឹងមាំ ប៉ិនប្រសប់ចំពោះការប្រើកណ្តាប់ដៃ ជើងជង្គង និងកែងព្រមទាំងឆ្លាតវៃគ្រប់ ការវាយសន្ធប់ពីដៃគូប្រកួតរបស់ខ្លួន ។ មាស ច័ន្ទមាន គឺជាកីឡាករជើងខ្លាំងរបស់កម្ពុជា ធ្លាប់វាយកីឡាករថៃឲ្យចុះចាញ់ច្រើននាក់រួចមកហើយ ។ ច័ន្ទមាន មានប្រវត្តិប្រកួតចំនួន១២៧ដង វាយឈ្នះ៩៥ដង ចាញ់២៨ដង និង ស្មើ០៤ដងព្រមទាំងធ្លាប់ផ្តួលដៃគូប្រកួតឲ្យសន្លប់ចំនួន២៩ដងផងដែរ ។

យ៉ាងណាការជួបគ្នារវាង មាស ច័ន្ទមាន នឹង Singvisnu ស្ថិតក្នុងស្រពេចស្រពិលនៅឡើយ ចំពោះជំនួប ប្រកួតនេះ។ នៅល្ងាចថ្ងៃដដែលនោះ ការប្រកួតជម្រុះជុំទី២ វគ្គ១៦នាក់ កីឡាករសំអាង ឌុន អ្នកប្រដាល់ក្លិបអេភូថងកីឡា ជួបប្រកួតជាមួយ គឹម វាសនា មកពីក្លិបកងពលតូចទ័ពឆត្រយោង៩១១។ រវាង សំអាង ឌុន នឹង គឹម វាសនា នេះពួកគេទាំងពីរនាក់ត្រូវការពិន្ទុដើម្បីមានឱកាសបន្តប្រកួតនៅវគ្គក្រោយ។

ចំពោះការប្រកួត រវាង រិទ្ធ មុន្នី អ្នកប្រដាល់ក្លិបម្កុដរាជសីហ៍ នឹង រិន សារ័ត្ន មកពីក្លិបខ្លារខិនមានរិទ្ធទាំងពីរនាក់នេះក៏មិនខុស កីឡាករ សំអាង ឌុននិង គឹម វាសនាដែរ ព្រោះសុទ្ធតែត្រូវការឈ្នះទើបមានឱកាសឡើងទៅប្រកួតវគ្គ៨នាក់ចុងក្រោយ។ យ៉ាងណាការប្រកួត ក្នុងដំណាក់កាលទី១ រិទ្ធ មុន្នី វាយឈ្នះ ឯម វិចិត្រ ក្លិបថ្មគោលពោធិសែនជ័យ រីឯ រិន សារ័ត្ន វាយឈ្នះ ហាក់ ប៉ាន់ធី ក្លិបរ៉ាហាប់ស្វាយប៉ាក៕ សារីម


ចែករំលែក៖