ភ្នំពេញ៖ ហាងខារ៉ាអូខេមួយកន្លែង យីហោ ឌឹខលល័រ KTV ដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំកម្លាំងចម្រុះចុះបិទផ្អាកធ្វើអាជីវកម្មជាបណ្តោះអាសន្ន បន្ទាប់ពីហាងខាងលើបង្កភាពអនាធិបតេយ្យ មិនគោរពនូវកិច្ចសន្យា ជាមួយអាជ្ញាធរដែនដីកន្លងមក ពោលនៅបន្តភាព អន្តិសុខ គ្មានសណ្តាប់ធ្នាប់ ដេញចាប់ម៉ូយ ប្រសេចប្រសាចនៅពេលយប់នាំឲ្យ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
ប្រតិបត្តិការចុះបិទហាងKTV ខាងលើនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌពោធិសែនជ័យ។
តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងចម្រុះ ដឹកនាំដោយលោក យិន គា នាយករដ្ឋបាលខណ្ឌពោធិសែន ជ័យ និងអនុវត្តតាមបញ្ជា របស់លោកអភិបាលខណ្ឌកម្លាំងចម្រុះបាចុះទៅបិទការធ្វើអាជីវកម្មហាងខាលើនេះភ្លាម បន្ទាប់ពី កន្លងមក សាលាខណ្ឌបានហៅ អញ្ជើញម្ចាស់ ថៅកែ ហាង ខារ៉ាអូខេ កន្លែង ផឹកស៊ី ទាំងអស់ ពន្យល់ណែនាំជុំវិញ ការចូលរួម រក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ។ ផ្ទុយទៅវិញ ម្ចាស់ទីតាំង ថៅកែហាងខារ៉ាអូខេ យីហោ ឌឹខលល័រ KTV មួយនេះនៅតែបណ្តោយឲ្យ បុគ្គលិករបស់ខ្លួន បង្កភាពរញ៉េរញ៉ៃ ជិះម៉ូតូ រត់ប្រដេញចាប់ ដណ្តើមម៉ូយ គ្មានសណ្តាប់ធ្នាប់ បង្កអសន្តិសុខ ក្នុងមូលដ្ឋាននិង ពុំរាងចាលនូវសកម្មភាពបែបនេះកើតមានដដែលៗ។ ទង្វើរបស់បុគ្គលិកហាងខាងលើ ជះឥទ្ធិពលអាក្រក់ ក្នុងសង្គម ទើបនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ដឹក នាំកម្លាំងចម្រុះចុះបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្នតែម្តងដោយរង់ចាំសម្រេចជាក្រោយ៕ សុខាសែនជ័យ