ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ដែលគេស្គាល់ថាជាសិល្បករមួយរូប ខណៈដែលកំពុងតែបើករថយន្តរបស់ខ្លួន ម៉ាកតូយូតា ព្រុស ស្រាប់តែប្រទះ ឃើញរថយន្តមួយគ្រឿងទៀត ដែលមានម៉ាក និងស្លាកលេខដូចគ្នាតែមួយដូចគ្នានឹងរថយន្តរបស់គាត់ ដោយមានការសង្ស័យគាត់ ក៏នាំគ្នាប្តឹងសមត្ថកិច្ចប៉ុស្តិ៍អូរឡាំពិក ដើម្បីឃាត់រថយន្តទាំង២គ្រឿងទុក សួររកឯកសារតែម្តង។
ករណីខាងលើនេះ បានកើតឡើងនៅម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសម្ដីពីបុរសឈ្មោះ លី តារា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាសិល្បករ ស្នាក់នៅក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ បានប្រាប់សមត្ថកិច្ចថា រថយន្តរបស់គាត់ ម៉ាកតូយូតាព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-3108 ដែលបានទិញពីគេក្នុងខែមករា ឆ្នាំ២០១៧ ហើយកន្លងមកគាត់ធ្លាប់បានទៅជួបខាងពន្ធដារដើម្បីបង់ពន្ធរថយន្ត ស្រាប់តែខាងពន្ធដារបានប្រាប់គាត់ថា រថយន្តនេះមានគេបង់ពន្ធរួចហើយ ទើបគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងទំពុន២ ដែលជាភូមិសាស្ត្រដែលគាត់រស់នៅដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរគមន៍ស្រាវជ្រាវផងដែរ ។ លុះនៅថ្ងៃកើតហេតុ គាត់បានជិះរថយន្តរបស់គាត់ជាមួយ នឹងប្រពន្ធ ស្រាប់តែប្រទះឃើញរថយន្តមួយគ្រឿងទៀត ម៉ាកតូយូតាព្រុស ដែលមានភិនភាគនិងពាក់ស្លាកលេខដូចគ្នាមកឈប់ចតលើចិញ្ចើមផ្លូវចូលហូបបាយក្នុងហាងមួយកន្លែង នៅ ចំណុចក្បែរវត្តមហាមន្ត្រី រួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរឡាំពិក ដើម្បីឲ្យសមត្ថកិច្ចចុះមកធ្វើការឃាត់រថយន្តទាំង២គ្រឿងរួមនិងហៅម្ចាស់រថយន្ត២គ្រឿងយកមកសាកសួរនៅប៉ុស្តិ៍បឹងកេងកងទី២វិញ ។
ក្រោយពីឃាត់រថយន្តទាំង២គ្រឿងដែលមានភិនភាគដូចគ្នានឹងនាំម្ចាស់យកមកសាកសួរ សមត្ថកិច្ចបានឲ្យភាគីទាំងសងខាងបង្ហាញឯកសាររៀងៗខ្លួន ដើម្បើដឹងថារថយន្តមួយណាត្រឹមត្រូវតាមច្បាប់ ។ ហើយសមត្ថកិច្ចក៏បានឲ្យម្ចាស់រថយន្ត ឈ្មោះលី តារា ដែលមានឯកសារត្រឹមត្រូវ បានអនុញ្ញាតឲ្យយករថយន្តត្រឡប់ទៅវិញ ប៉ុន្តែ រថយន្ត មួយទៀតដែលគ្មានឯកសារត្រឹមត្រូវ ដែលអាចនិយាយបានថា (ក្លែងឯកសារ) នោះសមត្ថកិច្ចមិនអនុញ្ញាតឲ្យយករថយន្តត្រឡប់ទៅវិញនោះទេ ដោយរងចាំស្រាវជ្រាវតាមរកម្ចាស់ពិតប្រាកដដែលហ៊ានក្លែងឯកសារទាំងនោះ យកមកដាក់ទោសតាមច្បាប់ ៕ស រស្មី