ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលរាជធានីប្រកាសជួយជ្រោមជ្រែងដល់ពលរដ្ឋដែលទិញម៉ូតូឡាំប្រឺតាពីក្រុមហ៊ុនហើយមិនឲ្យក្រដាស់ពន្ធ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន ឬហាងដែលបានលក់ម៉ូតូឡាំប្រឺតាកង់បីទៅប្រជាពលរដ្ឋហើយមិនចេញក្រដាស់ពន្ធឲ្យអ្នកទិញ ហើយតែងតែនិយាយថាជំពាក់ក្រដាស់ពន្ធសិនគឺរងចាំថ្ងៃនេះថ្ងៃនោះបានប្រគល់ឲ្យក្រដាស់ពន្ធនោះ ម្ចាស់ក្រុមហ៊ុន ឬហាងនឹងប្រឈមនឹងច្បាប់មាត្រា៤៨ថ្មី។ លោកនាយឧត្តមសេនីយ៍ស្នងការបានសង្កត់ថា ក្រុមហ៊ុន ឬហាងទាំងនោះពិតជាបោកប្រាស់បងប្អូនពលរដ្ឋ លោកសន្យាថាជុំវិញបញ្ហានេះ លោកនឹងកោះហៅម្ចាស់ក្រុមហ៊ុន ឬហាងមកតតាំងគ្នានិងបងប្អូនរងគ្រោះឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។ នេះគឺជាប្រសាសន៍លើកឡើងរបស់លោកនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលធ្វើពិធីប្រកាសធ្វើស្លាកលេខដល់បងប្អូនអ្នករត់ម៉ូតូឡាំប្រឺតា ដែលអាជ្ញាធរចុះឃាត់បានចំនួន១៧៣គ្រឿងពីបណ្តាខណ្ឌទាំង១២ ក្នុងអំឡុងតែ១០ម៉ោងប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានអានច្បាប់មាត្រា៤៨ថ្មីដល់បងប្អូនម្ចាស់ម៉ូតូឡាំប្រឹតាទាំងអស់ដែលបានចូលរួមនាឱកាសនោះថា មាត្រា៤៨ថ្មីគ្រប់ម្ចាស់ហាងលក់យានយន្តគ្រប់ប្រភេទមានកាតព្វកិច្ចបំពេញបែបបទចុះបញ្ជីយានយន្ត សុំបណ្ណសម្គាល់យានយន្ត និងសុំស្លាកលេខសម្គាល់យានយន្តឲ្យបានសព្វគ្រប់មុននឹងប្រគល់ឲ្យអ្នកទិញ។ នាយឧត្តមសេនីយ៍បន្តពន្យល់ថា បានន័យថាម្ចាស់ហាងលក់ម៉ូតូកង់បីនេះឲ្យបងប្អូនគឺត្រូវទទួលខុសត្រូវ នឹងប្រឈមនឹងមាត្រា៤៨ថ្មីនេះ។ ចឹងបងប្អូនមិនចាំបាច់បារម្មណ៍ទេគ្រាន់តែមិនទាន់បានអនុញ្ញាតឲ្យធ្វើអាជីវកម្ម ព្រោះម៉ូតូអត់មានពន្ធគឺមិនទាន់ធ្វើស្លាកលេខបានទេ…..សម្លេង..។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានប្រកាសថា សូមឲ្យបងប្អូនដែលនៅសេសសល់នោះកុំគេចវ៉េសអញ្ជើញចូលមកធ្វើស្លាកលេខក្នុងតម្លៃតែ៤៧០០០រៀលប៉ុណ្ណោះ បើម៉ូតូបងប្អូនមានក្រដាស់ពន្ធត្រឹមត្រូវគឺខាងមន្ទីរសាធារណៈការនៅចាំធ្វើស្លាកលេខភ្លាមជូនបងប្អូន។ ចំពោះបងប្អូននៅខេត្តក៏អាចធ្វើស្លាកលេខជូនបានដូចគ្នា ហើយក៏គ្មានសេវាក្រោមតុអ្វីទាំងអស់។ នាយឧត្តមសេនីយ៍ក៏បានបញ្ជាក់ជូនដល់បងប្អូនអ្នករត់ម៉ូតូកង់បីនេះបន្ថែមថា ចំពោះបងប្អូនខ្លះបានជួលគេយកមករត់ធ្វើអាជីវកម្មវិញនោះ កឺបងប្អូនមិនបាញ់បង់លុយស្លាកលេខនោះទេគឺទុកឲ្យភាគីក្រុមហ៊ុន ឬហាងដែលជួលឲ្យបងប្អូននោះចេញមុខបង់ថ្លៃធ្វើស្លាកលេខជូនបងប្អូន។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានពន្យល់ថា អ្វីដែលអាជ្ញាធរចុះប្រមូលមកទីនេះ គឺបងប្អូនកំពុងល្មើសច្បាប់ហើយ។ ពាក្យថាល្មើសច្បាប់នេះគឺល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនេះ។ ព្រោះថាច្បាប់តម្រូវឲ្យបងប្អូនមានស្លាកលេខសម្គាល់យានយន្ត ចៀសវាងជនខិលខូចមួយចំនួនខ្លះគាត់គៀបស៊ីភ្ញៀវទេសចរណ៍ ភ្ញៀវភ្លេចសម្ភារៈលើរ៉ឺម៉កបងប្អូនគាត់មកប្តឹងសមត្ថកិច្ច ហើយពេលសមត្ថកិច្ចម៉ូតូនោះស្លាកលេខប៉ុន្មាន? តែភ្ញៀវអត់ស្គាល់ស្លាកលេខ ចឹងឲ្យសមត្ថកិច្ចទៅរកឯណាឃើញ? នេះជាបញ្ហា។ សូមឲ្យបងប្អូនរួមសង្គមជាតិទាំងអស់គ្នា។

លោក រឿង សារ័ត្ន អ្នករត់ម៉ូតូឡាំប្រឺតាបាននិយាយថា ម៉ូតូឡាំប្រឺតារបស់លោកត្រូវបានសមត្ថកិច្ចចាប់យកមកស្នងការនេះ ដោយមិនបានប្រកាស់ជូនដំណឹងជាមុន ហើយចាប់យ៉ាងតក់ក្រហល់បំផុត។ លោកថា សមត្ថកិច្ចចាប់ម៉ូតូឡាំប្រឺតានេះគឺដោយសារអត់មានស្លាកលេខ ហើយនៅថ្ងៃនេះសមត្ថកិច្ចឲ្យមកទទួលវិញដោយភ្ជាប់មកជាមួយនឹងឯកសារពាក់ព័ន្ធ គេនឹងធ្វើស្លាកលេខឲ្យភ្លាមៗតែម្តង។

ស្ត្រីម្នាក់ឈ្មោះ ច្រឹប ដែលបានទៅទទួលយកម៉ូតូឡាំប្រឺតាផងដែរនោះក៏បានផ្តល់បទសម្ភាស់ថា ម៉ូតូឡាំប្រឺតាត្រូវបានសមត្ថកិច្ចចាប់ឃាត់ដាក់នៅប៉ុសិ្តនគរបាលសែនសុខ ខណៈដែលកូនអ្នកស្រីជិះម៉ូតូទៅទទួលកូនតូចចេញពីរៀន។ ស្ត្រីបន្តថា រូបគាត់ហាក់បីជាមានកំហឹងដែរ ព្រោះថាចាប់នេះអាជ្ញាធរមិនបានជូនដំណឹងជាមុន។ ស្ត្រីរូបនេះក៏បានថ្លែងអំណរគុណយ៉ាងខ្លាំចំពោះអាជ្ញាធរដែលបានផ្តល់ស្លាកលេខ។

ទោះបីជាយ៉ាងនេះ នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានផ្តល់បទសម្ភាសបញ្ជាក់បន្ថែមថា ច្បាប់មាត្រា៤៨ថ្មី បានអានឲ្យបងប្អូនស្តាប់បានឮបានដឹងហើយថា ម្ចាស់ហាងមុននឹងលក់យានយន្តទៅឲ្យអតិថិជនគឺម្ចាស់មានការទទួលខុសត្រូវក្នុងការធ្វើស្នើសុំស្លាកយានយន្តបំពាក់ហើយបានផ្តល់ឲ្យទៅអ្នកទិញ។ តែចំពោះមុខគឺរាជរដ្ឋាភិបាលជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតដល់ជីវភាពរបស់ប្រជាពលរដ្ឋ គឺសម្តេចបានតម្រូវឲ្យក្រសួងមន្ទីរជំនាញធ្វើការដោះស្រាយសេវាសាធារណៈឲ្យដល់ទីកន្លែង៕ តាឡឹម

 


ចែករំលែក៖