ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនចាំម៉ាកបុកម៉ូតូពេញទំហឹងស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ ហើយបើករត់បាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈពេលជិះម៉ូតូឌុបគ្នាត្រូវរថយន្តមិនចាំម៉ាកបុកនិងកិនម៉ូតូដាច់ជាពីរ ។ អ្នកបើកបរឡានបង្កបន្ថែមល្បឿនរត់គេចខ្លួនបាត់កាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ កែងផ្លូវលំ ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ លី ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ត មានស្រុកកំណើតនៅភូមិបវិល ឃុំបវិល ស្រុកមង្គុលបុរី ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណទេ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុថា ឃើញជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក SIRIUS ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B 3616 ជិះឌុបគ្នា តាមផ្លូវភ្នំពេញ ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបទចូលផ្លូវលំស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរតាមផ្លូវលំក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន គោលបំណងឡើងផ្លូវហាណូយ ក៏បុកនឹងម៉ូតូរងគ្រោះចំពាក់កណ្តាលលាន់ដូចរន្ទះ បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាម និងម្នាក់ទៀតរងរបួសធ្ងន់៕ តុង សីហា


ចែករំលែក៖