ភ្នំពេញៈ ដោយអនុវត្តន៍នូវតួនាទី ភារកិច្ច និងសេចក្តីណែនាំជាប្រចាំរបស់ប្រធានប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងប្រធានកាំកុងត្រូលរាជធានីភ្នំពេញ លើការការពារសុខុមាលភាពប្រជាជន និងសុវត្ថិភាពម្ហូបអារហារ នៅ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក គង់ វុទ្ធី អនុប្រធានកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្ទីពាណិជ្ជកម្ម បានចុះអង្កេតនឹងពិនិត្យទំនិញរកសារធាតុគីមី នៅផ្សារសារឿនយ៉ានី ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក គង់ វុទ្ធី បានឲ្យដឹងថា សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុះផ្សារសារឿនយ៉ានី បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច និងយកគំរូដូចជា គុយទាវ មី ប្រហិត បន្លែស្រស់ ផ្លែឈើស្រស់ គ្រឿងជ្រក់ បញ្ជូនមកពិសោធន៍នៅរថយន្តចល័តភ្លាមៗដើម្បីរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ លោកបានបញ្ជាក់ថា ជាលទ្ឋផលក្នុងប្រតិបត្តិការនោះ ក្រុមការជំនាញបានរកឃើញកាកសំណល់ថ្នាំសំលាប់សត្វល្អិត នៅក្នុង ថ្លាគូឆាយ ដូច្នេះក្រុមការងារបានសម្រេចដកហូតយកទៅដុតបំផ្លាញចោលនឹងបានអញ្ចើញម្ចាស់ទីតាំងលក់ផ្កាគូឆាយនោះទៅធ្វើកិច្ចសន្យាបញ្ចប់ការលក់ទំនិញមានជាតិគីមី ។
ជាមួយគ្នានោះដែលលោក គង់ វុទ្ធី ក៏បាន ណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុលនិងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម ហើយបានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕ ភារ៉ាដង្កោ