ព័ត៌មានទាន់ហេតុការណ៍៖

រឿង​ក្តី​កូន​ប្រុស​នាយ​ហុងដា​សម្លាប់​ម្តាយ​ក្រោយ​ ត្រូវ​តុលាការ​លើក​ពេល​កាត់ទោស​ ព្រោះ​មេធាវី​ជាប់​បេសកកម្ម​តាម​ខេត្ត​

ចែករំលែក៖

ភ្នំពេញ​៖ រឿង​ក្តី​កូន​ប្រុស​នាយ​ហុងដា​និង​សង្សារ​ សម្លាប់​ប្រពន្ធ​ក្រោយ​នាយ​ហុងដា​ ពុំ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា​ នេះ​ កាត់​ទោស​ទេ​ ​ ដោយសារ​តែ​លោក​​ សួស​ ចិន្ដា​ មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​ ជាប់​បំពេញ​បេសកកម្ម​តាម​ខេត្ត​ ។​ តុលាការ​នឹង​កំណត់​ពេល​សវនាការ​ម្តង​ទៀត​ នៅ​ពេល​ក្រោយ​ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ កូន​ប្រុស​នាយ​ហុងដា​ ឈ្មោះ​ ខា​ សុខេន​ ហៅ​ និច​ អាយុ​១៨ឆ្នាំ​ និង​ សង្សារ​ឈ្មោះ​ សេត​ រស្មី​កន្និកា​ អាយុ​១៧ឆ្នាំ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ ឃាតកម្ម​ តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​ ពាក់ព័ន្ធ​ការ​សម្លាប់​ប្រពន្ធ​ក្រោយ​នាយ​ហុងដា​ ។

ពួកគេ​ទាំងពីរ​នាក់​ ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខណ្ឌ​ដង្កោ​ និង​ ខណ្ឌ​ជ្រោយ​ចង្វារ​ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ។

របាយការណ៍សមត្ថកិច្ច​ បង្ហាញ​ថា​ ឈ្មោះ ខា សុខេន​បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពសម្លាប់ម្តាយចុងឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិត​ប្រាកដ​មែន គឺធ្វើសកម្មភាព តែម្នាក់ឯង កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូ របស់ឪពុកបង្កើត​ គឺ​ នាយ​ហុងដា​ ។​ ក្រោយ​ពេលសម្លាប់រួច សង្សាររបស់ខ្លួនមកពី ធ្វើការវិញទាន់ ខ្លួនក៏បានអង្វរសង្សារ កុំ​ឱ្យ​ឆោឡោ និងជួយយកភួយ មករុំសព អូសទៅទុក នៅបន្ទប់ទឹក ព្រមទាំង ដោះយកកងដៃ២១កង ជញ្ជៀន១វង់ ទូរស័ព្ទ​មួយ​គ្រឿង និងម៉ូតូមួយគ្រឿង ចាកចេញតែម្តង ដែលរឿងនេះបានបង្ក​ឱ្យ​មានការភ្ញាក់ផ្អើល ពេញផ្ទៃប្រទេសពិសេស បណ្តាញសង្គមហ្វេសប៊ុក ។

ឈ្មោះសុខេនបានរៀបរាប់ថា រូបគេបានមករស់នៅ ខុនដូជាមួយឪពុក និងម្តាយចុង ប្រហែល៤ ទៅ៥ខែមកហើយ ព្រោះម្តាយបង្កើតឈ្មោះ រ៉េន សុធារី ហៅឃ្មឹបដែលត្រូវជាប្រពន្ធមុនរបស់នាយហុងដា មានប្តីថ្មី។ ក្នុងពេលមករស់នៅ ជាមួយឪពុក ឈ្មោះសុខេន បាននាំសង្សារឈ្មោះ នេត រស្មីកន្និកា មកនៅជាមួយ ហើយ ខ្លួនមិនសូវចូលចិត្ត ម្តាយចុងទេ ដោយសារនៅពេល ដែលឪពុកខ្លួន មិននៅផ្ទះ ម្តាយចុងតែងតែជេរ និងស្តីបន្ទោស ឱ្យ​ខ្លួនជាញឹកញាប់ ធ្វើ​ឱ្យ​ខ្លួនមានគំនុំ មករហូត។

ក្រោយពេលសម្លាប់ ម្តាយចុងរួចហើយ ឈ្មោះសុខេនបានទៅសម្រាកនៅផ្ទះ ម្តាយសង្សារ ១យប់ នៅខណ្ឌឬស្សីកែវ លុះព្រឹកឡើង ទើបនាំសង្សាមកដេក ស្នាក់នៅជក់ថ្នាំញៀននៅចំណុច​ផ្ទះគ្មានលេខ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រីឯគ្រឿងអលង្ការ ដែលរូបគេប្លន់បាន យកទៅបញ្ចាំបាន ៤ម៉ឺនរៀល ព្រោះអ្នកបញ្ចាំប្រាប់ថា កាឡៃ ហើយម៉ូតូបញ្ចាំបាន១០០ដុល្លារ រួចយកលុយទាំងនោះទិញថ្នាំញៀន​ប្រើប្រាស់​ ៕ចេស្តា


ចែករំលែក៖