ភ្នំពេញ៖ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីម្នាក់លោក អ៊ួន ឈិន ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួនជាបណ្តោះអាសន្ន កាលពីវេលាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់លេខ E04 ជាន់ទី៧ នៃសណ្ឋាគារម៉ារឌី ដែលមានទីតាំងស្ថិតនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ក្នុងករណីសង្ស័យការតម្លើងស្ទូទីយោ និងប្រព័ន្ធផ្សព្វផ្សាយខុសច្បាប់។
លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យបានប្រាប់ដល់អ្នកសារព័ត៌មានថា ការឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីនេះគឺធ្វើឡើងខណៈដែលរូបលោកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ។ ដោយឡែកនៅក្នុងបន្ទប់ E04 ជាន់ទី៧ នៃសណ្ឋាគារម៉ារឌីនេះ ឃើញមានឧបករណ៍ជាច្រើនពាក់ព័ន្ធករណីសង្ស័យ ដែលម្ចាស់បន្ទប់នេះ គាត់បានប្រាប់សមត្ថកិច្ចថា ជាឧបករណ៍ស្ទូទីយោគ្រាន់ថតចម្រៀងទេ តែដោយសារមានការចូលរួមពីសមត្ថកិច្ចជំនាញមកពីក្រសួងព័ត៌មានផង និងសមត្ថកិច្ចសន្តិសុខផ្ទៃក្នុងផងនោះគេក៏ឃាត់ខ្លួននាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំរួមនឹងវត្ថុតាងឧបករណ៍ពាក់ព័ន្ធសង្ស័យមួយចំនួន ហើយក្នុងនោះក៏មានការចូលរួមសំណាក់ព្រះរាជអាជ្ញារងអមសាលាដំបូងក៏សម្រេចឲ្យសមត្ថកិច្ចឃ្លុំបេបន្ទប់នោះជាបណ្តោះអាសន្នសិនផងដែរ រួមនឹងសម្ភារៈមួយចំនួនធំនៅក្នុងបន្ទប់។ ម្យ៉ាងវិញទៀតបុរសរូបនេះគាត់ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី។
លោក អ៊ួន ឈិន អតីតបុគ្គលិកវិទ្យុអាស៊ីសេរីក៏បានប្រាប់ទៅសមត្ថកិច្ចថា គាត់បានតម្លើងស្ទូទីយោគ្រាន់តែច្រៀងថតប៉ុណ្ណោះទេ ពុំមានបំណងអ្វីក្រៅពីនេះទេ។ ដោយឡែកស្ត្រីម្នាក់ជាអ្នកបំរើការងារនៅក្នុងសណ្ឋាគារនេះបានប្រាប់ថា បន្ទប់នេះជួលក្នុងតម្លៃ២១០ដុល្លាក្នុង១ខែ រហូតមកដល់ពេលនេះជាង៣ខែហើយ ចំពោះអ្នកជួលគាត់ធ្វើអ្វីនោះមិនបានដឹងទេ តែគ្រាន់តែដឹងឃើញមានស្រីជាប្រពន្ធរបស់អ្នកជួលបន្ទប់នោះ និងក្មេងស្រីម្នាក់ថាជាកូនឧស្សាចេញចូលនឹងឡើងចុះណាស់។
លោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងបានប្រាប់ថា មិនទាន់ថាជាយ៉ាងម៉េចនៅឡើយទេ គ្រាន់តែជាការសង្ស័យ។ បើគ្រាន់តែតម្លើងស្ទូទីយោថតចម្រៀងនោះ ចាំបាច់អីគាត់មកជួលបន្ទប់តម្លៃជាង២០០ដុល្លាហើយនៅខ្ពស់យ៉ាងនេះ ចំពោះឧបករណ៍ទាំងនោះទុកឲ្យជំនាញគេធ្វើការសិន៕ តាឡឹម