ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបមុខសញ្ញាធ្លាប់ប្រើប្រាស់និងជួញដូរសារធាតុញៀន៣នាក់ រួមទាំងវត្ថុតាង, សម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបានបាកាន បានសហការគ្នា ចុះបង្រ្កាបមុខសញ្ញាធ្លាប់ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងបានឃាត់ខ្លួនចំនួន ០៣នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង២៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរបង(វត្តកោះកែវ) ស្ថិតក្នុងភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការងារខាងលើបានឲ្យដឹងថា មុខសញ្ញាជាជនសង្ស័យធ្លាប់ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទី១ ឈ្មោះ ឆេង ឆឹង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រះអំពិល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ទី២ ឈ្មោះ ហួត សុីដែន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្ទឹងកំបុត្រ ឃុំត្រពាំងជង ស្រុកបាកាន និងទី៣ ឈ្មោះ ព្រាប ពៅ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ កម្លាំងបានដកហូតនូវវត្ថុតាងរួមមាន,ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៣កញ្ចប់ ក្នុងនោះធំ ០១កញ្ចប់ផងដែរ, ម៉ូតូ ១គ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ និងឧបករណ៍ផ្សេងៗមួយចំនួនទៀត។

ប្រភពដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យជាមុខសញ្ញាធ្លាប់ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២នាក់បានអប់រំដោយលាយលក្ខណ៍ជាអក្សរត្រឹមត្រូវ និងមានវត្តមានអាណាព្យាបាលមកធានាផងដែរ ដោយឡែក៖ មុខសញ្ញាឈ្មោះ ព្រាប ពៅ រួមទាំងវត្ថុតាង និងសម្ភារឧបករណ៍ផ្សេងៗ បាននាំយកទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖