ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ទាំងព្រឹក ដល់អ្នកភូមិចោមរោមមើលយ៉ាងច្រើនកកកុញ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈដែលប្រទះឃើញសពបុរសវ័យចំណាស់ម្នាក់ ចងកសម្លាប់ខ្លួននៅចម្រឹងខាងមុខផ្ទះនៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិសំបួរ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យសារព័ត៌មាននគរវត្តដឹងថា បុរសដែលស្លាប់ ឈ្មោះ ទេព សុផល អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក៏ដូចជាលោកមេភូមិ សមត្ថកិច្ចនគរបាលស្រុក និងនគរបាលជំនាញ និងគ្រូពេទ្យមកពិនិត្យសាសពឃើញថា សពបានស្លាប់ដោយចងកពិតប្រាកដមែន។
ប្រភពពីអ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះមុនកើតហេតុបានផឹកស្រាស្រវឹងហើយ អន់ចិត្តនឹងប្រពន្ធដែលស្ដីបន្ទោសគិតតែពីផឹកស្រាមិនជួយកិច្ចការផ្ទះ មួយសន្ទុះក្រោយមក ជនគិតខ្លីបានដើរចេញទាំងម៉ួរម៉ៅមិនចូលផ្ទះរហូត ស្រាប់តែនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកភូមិប្រទះឃើញចងកនៅមុខផ្ទះស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចនគរបាលជំនាញធ្វើកោសល្យវិច័យពិនិត្យសាកសព និងប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើ បុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន