ភ្នំពេញ៖ រឿងក្ដីចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាសម្លាប់បណ្ឌិតកែម ឡី នោះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នេះ សាលាឧទ្ធរណ៍នឹងជំនុំជម្រះលើជនជាប់ចោទគឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ។ នេះបើយោងតាមលិខិតអញ្ជើញមេធាវីជូង ជូងី ចូលរួមសវនាការ ។
គួររំលឹកថា លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យជាប្រាក់ចំនួន៨លានរៀល និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទ”ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោដូចគ្នា គឺពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ ៕ ចេស្តា