ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលកំពុងតាមចាប់ខ្លួនសិស្សសាលា៣នាក់ក្រោយឃាត់ខ្លួនបក្ខពួកគេម្នាក់ពីបទឆក់កាបូបលុយពីអ្នកគ្រូបង្រៀនម្នាក់

ចែករំលែក៖

ភ្នំពេញ៖ នគរបាលកំពុងតាមចាប់ខ្លួនសិស្សសាលា៣នាក់ពីបទឆក់កាបូបលុយអ្នកគ្រូបង្រៀនម្នាក់ កាលពីម៉ោង២១និង៣០នាទីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវសហព័ន្ឋរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីនគរបាលបានចាប់ខ្លួនបក្ខពួករបស់គេម្នាក់យកមកសួរនាំ។

សមត្ថកិច្ចប្រាប់ថា បក្ខពួកជនសង្ស័យជាចោរដែលចាប់ខ្លួនបានម្នាក់ខាងលើឈ្មោះ យ៉ែម សាក់សិទ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកឃ្លាង ខណ្ឌសែនសុខ។

ដោយឡែកជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ នាង សីុម អាយុ៣០ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះជួលក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះនិយាយថា កាលពីម៉ោង២១និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គាត់បានធ្វើដំណើរដោយម៉ូតូ១គ្រឿងជាមួយមិត្តភក្តិឈ្មោះ អឿន សុខដាលីន លុះមកដល់ផ្លូវសហព័ន្ឋរុស្សី ម្តុំភូមិសេប៉េសេ សង្កាត់ទឹកថ្លា ក៏មានក្មេងស្ទាវមួយក្រុមជិះម៉ូតូ២គ្រឿង មកឆក់កាបូបស្ពាយរបស់គាត់បណ្តាលឲ្យដួលម៉ូតូ ហើយប្រជាជននៅទីនោះឃើញក៏ជួយស្រែកចោរៗ ផ្អើលដល់ប៉ូលិសឃើញបានមកជួយអន្តរាគមន៍ដេញតាមចាប់ភ្លាមៗបានម្នាក់ និងម៉ូតូ១គ្រឿង។ បក្ខពួក៣នាក់ទៀតជិះរត់គេចខ្លួនបាត់។

ជនរងគ្រោះបញ្ជាក់ថា សម្ភារ នៅក្នុងកាបូបដែលចោរឆក់យកទៅនោះមានលុយចំនួ២០០០០រៀលនិងថ្នាំពេទ្យមួយចំនួនប៉ុណ្ណោះ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យម្នាក់នេះបានប្រាប់ប៉ូលិសថា ក្នុងពេលធ្វើសកម្មភាពឆក់កាបូបគេនោះមានបក្ខពួករបស់គេ៣នាក់ដែលមាន ឈ្មោះវ៉ាន់ សីុដេត ឈ្មោះរ៉ាក់ និង ឈ្មោះ វិរះ ពួកគេទាំង៣នាក់ ជាសិស្សសាលារៀននៅសាលាឥន្ទ្រទេវីបានរត់គេចខ្លួន។

សមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនទាំង៣នាក់នោះយកមកសួរនាំ។ អំពើលួចឆក់យកទ្រព្យសម្បត្តិគេនៅតាមផ្លូវសាធារណៈ បានបណ្តាលឲ្យជនរងគ្រោះខ្លះរបួសធ្ងន់ និងអ្នកខ្លះគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង៕ តុង សីហា


ចែករំលែក៖