ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃចាប់ខ្លួនពលរដ្ឋខ្មែរ១៥នាក់ពីបទលួចចូលកាប់ឈើគ្រញូង

ចែករំលែក៖

ប្រទេសថៃ៖ ជនសង្ស័យសរុប១៦នាក់ ដែលក្នុងនោះមានពលករខ្មែរ១៥នាក់ផងនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះថៃ ចាប់ខ្លួន ព្រមទាំងបានបញ្ជូនទៅឲ្យកម្លាំងជំនាញស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ដើម្បីសាកសួរបន្តផងដែរ។ ខណៈដែលពួកគេទាំងអស់គ្នាបានលបលួចចូលទៅកាន់ និងស្ពាយឈើគ្រញូងជាច្រើនផ្ទាំងចេញពីតំបន់ព្រៃហាមឃាត់ ។

យោងតាមរបាយការណ៍របស់ភាគីថៃ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង៧ព្រឹកកម្លាំងចម្រុះ ថៃដែលមានក្រុមទាហានឈុតខ្មៅតម្រួត មន្ត្រីអនុរក្ស តំបន់ឧទ្យានជាតិប៉ាងស៊ីដា និងកម្លាំងរដ្ឋបាលព្រៃឈើសរុបប្រមាណ៣០នាក់បានឡោមព័ទ្ធ និងរុកចូលព្រៃក្នុងតំបន់ហាមឃាត់ខាងលើបន្ទាប់ពីទទួល បានព័ត៌មានថា មានមនុស្សជាច្រើននាក់បានលបចូលទៅក្នុងព្រៃដើម្បីស្ពាយផ្ទាំងឈើគ្រញូងចេញមកក្រៅប្រគល់ទៅឲ្យមេឈ្មួញ ។

នៅក្នុងកិច្ចប្រតិបត្តិការចម្រុះនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន១៦នាក់ដែលក្នុងនោះមានជនជាតិថៃម្នាក់ និងជនជាតិខ្មែរចំនួន១៥នាក់ ព្រមទាំង បានដកហូតឈើគ្រញូងបានចំនួន៤៣ដុំ កាំភ្លើងកែច្នៃ៦ដើម និងកញ្ឆាមួយចំនួនដែល ទីតាំងនៃការឃាត់ខ្លួននេះស្ថិតក្នុងតំបន់ម៉ៃសិរីចំប៉ា ក្នុងឃុំណងម៉ាកហ្វាយ ស្រុកវឌ្ឍ នាណៈខន ខេត្តស្រះកែវ ប្រទេសថៃ ។

ក្រោយពីឃាត់ខ្លួននិងដកហូតបានវត្ថុតាងមួយចំនួនរួចមកសមត្ថកិច្ចថៃបាន បញ្ជូនខ្លួនជនសង្ស័យទាំងអស់ទៅកាន់ផែ្នករដ្ឋបាលព្រៃឈើស្រុកវឌ្ឍនាណៈខនដើម្បីសាកសួរបន្តរកមេខ្លោងដែលនៅពីក្រោយខ្នងក្នុងការអនុវត្តតាមផ្លូវច្បាប់ ៕ ហេង សូរិយា


ចែករំលែក៖