ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ស្ទុះទៅវាយប្រពន្ធ ខណៈកំពុងកាន់កន្ត្រៃក្នុងដៃហើយបានយកកន្ត្រៃរងក៏ត្រូវដោតចំទ្រូង ភ្លាមនោះក៏បញ្ជូនទៅបមន្ទីរពេទ្យ តែដោយសារតែរងរបួសធ្ងន់ពេក ក៏បានស្លាប់តែម្តង។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួល ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីជាប្រពន្ធឈ្មោះ សុខ សុគន្ធា ហៅមុំ អាយុ៤២ឆ្នាំ មុខរបរ លក់ចាប់ហួយនិងប្រហិតចៀន រស់នៅភូមិប៉ប្រក់ខាងជើងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកត្រាំង ខេត្តតាកែវ ។ ចំណែកសាកសពបុរសជាប្តីឈ្មោះ ស៊ុន សុខហៃភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជំនួយការអគ្គិសនី ដើរស្រង់ទឹកភ្លើង រស់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់សោម និងមានកូន៧នាក់ ។
តាមប្រភពព័ត៌មានពីស្រ្តីជាជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុ គាត់កំពុងលក់ប្រហិតនៅមុខផ្ទះជួល បន្ទាប់មកបានឃើញប្តី មកពីរត់ឌុប ដោយមានស្ថានភាពស្រវឹង ហើយបានផឹកបន្តនៅមុខផ្ទះជួលជាមួយមិត្តភក្តិមានគ្នា ២នាក់ទៀត។ លុះគាត់កំពុងលក់ប្រហិត ដោយមានអ្នកជិតខាងគេមកជឿអីវ៉ាន់ជាញឹកញាប់សរុបលុយចំនួន៧ម៉ឺនរៀល ហើយប្តីលឺគេជឿ ស្រាប់តែជេរឌៀលគាត់ថា ជឿឲ្យគេច្រើនម៉្លេះ មានដើមអីទិញទៀត ។ ពេលនោះប្តីរបស់គាត់បានចូលទៅសម្រាកហើយបានគំរាមកូន ស្រីរបស់គាត់ រកវាយ បណ្តាលឲ្យកូនភ័យស្ងាត់រៀងៗខ្លួន។ បន្ទាប់មកទៀត ស្រ្តីខាងលើកំពុងយកកន្ត្រៃកាត់ថង់ពោតហូបលេង ស្រាប់តែ ប្តីមកវាយទៅលើគាត់ត្រូវមួយដៃ ចំក្បាល ហើយស្ទុះមកវាយម្តងទៀត ពេលនោះខ្លួនគាត់បានយកកន្ត្រៃរង ហើយមិនដឹងថាត្រូវប្តីឡើយ។ ភ្លាមៗនោះអ្នកជិតខាង ជិតកន្លែងកើតហេតុមកជួយស្មានថា ប្តីវាយប្រពន្ធ ស្រាប់តែឃើញ បុរសជាប្តីមានឈាមហូរ ខណៈនោះកូនស្រី ប្រុស និងអ្នកស្រុក បាននាំជនរងគ្រោះខាងលើ ដឹកតាមម៉ូតូទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ហើយដោយជនរងគ្រោះ ខាងលើមានឈាមហូរច្រើនពេក ហើយគ្រូពេទ្យបានដេរបិទរបួសបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ មួយសន្ទុះក្រោយ ស្រាប់តែជនរងគ្រោះខាងលើ ដាច់ខ្យល់ស្លាប់បាត់។
តាមប្រភពជុំវិញកន្លែងកើតហេតុបានបញ្ជាក់ប្រាប់នគរវត្តថា គ្រួសារខាងលើ តែងមានការឈ្លោះប្រកែកគ្នា ជាញឹកញាប់ តែមិនដែលវាយធ្ងន់ទេ គឺឈ្លោះគ្នាមួយសន្ទុះត្រូវគ្នាវិញ។
ក្រោយពេលកើតហេតុ ស្រ្តីជនសង្ស័យខាងលើបានមកប៉ុស្តិ៍នគរបាលដើម្បីសារភាព ដោយអចេតនា រីឯសាកសពខាងលើត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងដឹកមកវត្តពោធិ៍ចិនតុង ដើម្បីឲ្យជំនាញធ្វើកោសល្យវិច័យ៕ សុខាសែនជ័យ