ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័រជាប់ហ្គាបួងចង្កូតបុករ៉ឺម៉កដឹកឈើក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ខណៈកំពុងបើកបរសុខៗបានជាប់ហ្គា បណ្ដាលឲ្យស្ទុះទៅមុខឆ្លងផ្លូវជ្រុលទៅបុក ម៉ូតូសណ្ដោងរ៉ឺម៉កដឹកឈើ១គ្រឿងពេញទំហឹង ប៉ុន្តែមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួស ឬក៏ស្លាប់នោះ ឡើយ ហើយរថយន្តបង្កនោះបានរងការខូចខាតក្រពឹតមុខ និងបែកចង្កៀងខ្លួនឯងមួយចំហៀង ចំណែករ៉ឺម៉កដឹកឈើបានរងការ ខូចខាតខ្លះដែរ។

ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ លេខ៣ ត្រង់ចំណុចមុខកងពលតូចលេខ៧០ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កខាងលើនោះម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AL-7091 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉កដឹកឈើនោះ ម៉ាកស៊ីទីផ្លឹស សេ១០០ ពណ៌ ក្រហមបើកបរដោយ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។ នៅមុនពេលកើតហេតុម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងខាងលើ បាននើកបរធ្វើដំណើរក្នុងទិសដៅពី ជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កដែលបើកបរបញ្ច្រាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿនក្នុង ទិសដៅពីត្បូងទៅជើង រេចង្កូតឆ្លងផ្លូវជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យធ្លាក់ឈើមកដីរេលតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះសំណាងល្អខ្លាំងណាស់ ដែលមិនបានបណ្ដាលឲ្យអ្នកបើកបរនិងអ្នកជិះរ៉ឺម៉កដឹកឈើ នោះគ្មាននរណាម្នាក់រងរបួសឡើយ ចំណែករថយន្តបានរងការខូចខាតក្រពឹតមុខ និងបែកចង្កៀងមួយចំហៀងខាងឆ្វេង រីឯរ៉ឺម៉កក៏ បានរងការខូចខាតខ្លះដែរ ហើយក្រោយពេលកើតហេតុភាគីទាំង២បានសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ នោះតែម្ដង៕ សុខាសែនជ័យ


ចែករំលែក៖