ព័ត៌មានទាន់ហេតុការណ៍៖

ប្តីចុងកំណាចស្រវឹងស្រាវាយប្រពន្ធជ្រុលដៃស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពត: មានករណីហិង្សាដោយចេតនាមួយបានកើតឡើង ដោយសារតែបុរសជាប្តីចុងម្នាក់បានផឹកស្រវឹងផ្ទុះហិង្សា វាយប្រពន្ធរហូតជ្រុលដៃបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មក្រោយកូនៗដឹកយកទៅសង្រ្គោះនៅផ្ទះរបស់ខ្លួន ។

ហេតុការណ៍មានអំពើហិង្សានេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិគោចិនលែង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។

សមត្ថកិច្ចនគរបាលស្រុកទឹកឈូបានឲ្យដឹងថា ជនសង្ស័យជាប្តីចុងឈ្មោះ ជិន ខុម ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ រីឯស្រី្តជាប្រពន្ធ ជាម រឹម អាយុ ៤៨ឆ្នាំ ត្រូវប្តីកំណាចស្រវឹងស្រាវាយនឹដៃផង វត្ថុរឹងផង បណ្តាលឲ្យបាត់បង់ជីវិតក្រោយប្រើអំពើហិង្សា បាន ប្រមាណជាង៣ម៉ោងរួចមក ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុមួយសន្ទុះ កូនៗបានទៅដឹកម្ដាយរបស់ខ្លួនដែលរស់នៅជាមួយឪពុកចុងត្រឡប់មកផ្ទះវិញនៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ស្រាប់តែកន្លះម៉ោងក្រោយមកដោយសារអាការៈរបស់ម្តាយដែលគេមិននឹកថាធ្ងន់ធ្ងរ ហើយមិនបានយកទៅមន្ទីរពេទ្យនោះ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃការប្រើអំពើហឹង្សា និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕ សហការី


ចែករំលែក៖