ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្រ្កាបផលិតផលបក្សីសាច់និងឆ្អឹងមាន់ខូចគុណភាពខុសច្បាប់នាំពីប្រទេសថៃចូលប្រទេសកម្ពុជាជិត១តោន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចេញបង្រ្កាបរថយន្ត២តោនកន្លះ១គ្រឿងដឹកផ្ទុកក្របតង់ពណ៌ខៀវនូវផលិតផលបក្សីសាច់មាន់និងឆ្អឹងមាន់ខូចគុណភាពខុសច្បាប់នាំពីប្រទេសថៃចូលប្រទេសកម្ពុជាជិត១តោន និងឃាត់ខ្លួនអ្នកបើករថយន្ត២នាក់ ខណៈដែលរថយន្តធ្វើដំណើរពីច្រករបៀងព្រំដែននៅក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ បម្រុងនាំយកទៅលក់ចែកចាយនៅខេត្តបាត់ដំបង។

ការបង្រ្កាបកម្លាំងនគរបាលធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលនីតិវីធីដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងវិធានការចូលរួមការពារសុខមាលភាពសារធារណៈនៃការបង្ការទប់ស្កាត់នាំចូលផលិតផលបក្សីខូចគុណភាពដែលជាមុខសញ្ញាបង្កឲ្យប៉ះពាល់គ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋនោះ។

បើតាមប្រភពព័ត៌មាននគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្តប្រាប់ឲ្យដឹងថា កម្លាំងនគរបាលបង្រ្កាបរថយន្តខាងលើក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋមកថា មានការនាំចូល ផលិតផលបក្សីសាច់មានឆ្អឹងមាន់ខូចគុណភាពខុសច្បាប់ នៅក្នុងភូមិសាស្រ្តច្រករបៀងភូមិស ស្រុកអូរជ្រៅ កម្លាំងនគរបាលក៏បានចេញបង្រ្កាបបានសម្រេចនៅចំណុខាងលើ។ផលិតផល បក្សីខូចគុណភាព សមត្ថកិច្ចបាននាំយកមកត្រួតពិនិត្យនៅស្នងការដ្ឋាននគរបាលខេត្តមានទម្ងន់សរុប៨៥០គីឡូក្រាម មានសភាពក្លិនស្អុយនោះហើយ។

ផលិតផលបក្សីខូចគុណភាព នៅថ្ងៃដដែលត្រូវបានមន្រ្តីជំនាញសហការនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដើម្បីយកទៅដុតកំទេចចោល។ ចំណែកអ្នកបើករថយន្តទាំង២នាក់កម្លាំងនគរបាលការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕សំ វិច្ឆិកា


ចែករំលែក៖