ខេត្តកណ្ដាលៈ បុរសម្នាក់កាន់កាំភ្លើងខ្លីមួយដើមដើរសំដៅចូលក្នុងបន្ទប់បុគ្គលិកហ្កាស៊ីណូ រួចធ្វើសកម្មភាពភ្ជង់គម្រាមបម្រុងលួចលុយ ត្រូវក្រុមសន្ដិសុខនិងបុគ្គលិកនាំគ្នាព្រួតវាយរួចប្រគល់ទៅឲ្យសមត្ថកិច្ច ។ ករណីលួចដោយមានស្ថាន់ទម្ងន់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចហ្កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកលើកដែលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុំ សុភក្រ័ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្ដីនគរបាល តួនាទីនាយផ្នែកស្រាវជ្រាវស៊ើបការក្រៅនិងបច្ចេកទេស មានទីលំនៅសង្កាត់សែនសុខ ខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ រីឯជនរងគ្រោះឈ្មោះ អៀង សុងទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅក្នុងកាស៊ីណូ ស្ថិតក្នុងភូមិ/ឃុំកើតហេតុខាងលើ ។ ក្នុងការចាប់ខ្លួននេះនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ អាវុធខ្លីម៉ាក់ប៉េអាកុល តួពណ៌ស ស្នាប់ពណ៌ខ្មៅ ចំនួន១ដើម មានលេខ ៥៥៥៩A1.USA. ,ស្រោមអាវុធខ្លីជរ័ពណ៌ខ្មៅចំនួន១ ,បង់ចំនួន២មានគ្រាប់ចំនួន៩គ្រាប់ ,ខ្នោះដៃចំនួន១ ,ម៉ូតូម៉ាកហុងដាគុប ធុនសេ៥០ ពណ៌ស្លែ ពាក់លេខភ្នំពេញ1AA-1509 ចំនួន១គ្រឿង ,រូបថតជនសង្ស័យពាក់ឯកសណ្ឋាននគរបាលពាក់កណ្ដាលខ្លួន ចំនួន១០សន្លឹក ,កាបូបស្ពាយពណ៌ឈាមជ្រូកចំនួន១ ,ទូរសព្ទ័ដៃចំនួន១គ្រឿងនិងសម្ភារៈផ្សេងៗមួយចំនួនទៀត ។
ប្រភពដដែលបន្ដថា នៅវេលាម៉ោង១២និង១៥នាទី ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលបុគ្គលិកហ្កាស៊ីណូកំពុងតែរៀបចំទុកដាក់សម្ភារៈនិងលុយកាក់ក្រោយពេលអស់ភ្ញៀវ ក៏ស្រាប់តែជនសង្ស័យឈ្មោះ អ៊ុំ សុភក្រ័ បានដើរមកសំដៅចូលក្នុងបន្ទប់សង្វៀនហ្កាស៊ីណូដោយកាន់កាំភ្លើងខ្លី១ដើម ហើយស្រែកប្រាប់បុគ្គលិកនិងសន្ដិសុខដោយគម្រាមថា នៅឲ្យស្ងៀម ភ្លាមនោះបុគ្គលិកនិងសន្ដិសុខកាស៊ីណូបានឃើញហើយក៏ស្រែកថា ហ្អែងកុំចូលមក តែជនសង្ស័យមិនស្ដាប់នោះទេ រួចក៏បានលើកកាំភ្លើងខ្លីឡើងភ្ជង់សំដៅមកបុគ្គលិកនិង សន្ដិសុខ ខណៈនោះដែរក្រុមសន្ដិសុខនិងបុគ្គលិកបាននាំគ្នាព្រួតចាប់ ឈានដល់វាយប្រតាយប្រតប់គ្នា រហូតចាប់ជនសង្ស័យបាន រួចប្រគល់ឲ្យសមត្ថកិច្ច ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ