ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករជាង១ម៉ឺននាក់នៅតំបន់រោងចក្របែតងខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការនី ចំនួន ១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមកជួបជុំជាមួយបងប្អូន កូនក្មួយកម្មករកម្មការនីក្នុងការចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករនិងដើម្បីដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនរបស់កម្មករ និងជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើរសុំថៅកែរោងចក្រអនុញ្ញាតិអោយ កម្មករកម្មការនីទាំងអស់ទទួលបានការឈប់សំរាកមួយថ្ងៃក្រោយពីចប់កម្មវិធីសំណេះសំណាលនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រា និងកូនក្មួយកម្មករកម្មការនីទាំងអស់ដែលបានគោរពស្រលាញ់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីជំរុញអោយគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ នេះមានប្រសិទ្ធិភាព សម្តេចតេជោ នឹងបន្តសកម្មភាពចុះជួបជាមួយក្មួយៗកម្មករកម្មការនីរយៈពេល ១០ឆ្នាំពេញតែម្តង។ កម្ពុជាពិតជាមានមោទនៈភាពដែលបានប្រែក្លាយពីប្រទេសក្រីក្រមកជាប្រទេសដែលមាប្រាក់ចំណូលមធ្យមកំរិតទាប និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០ ហើយមានមហិច្ឆតាក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផងដែរថា កម្ពុជាគ្មានវិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយដែលមានវិបត្តិដោយខ្លួនឯងផ្ទាល់។ ហើយប្រទេសយើងក៏គ្មានអ្នកទោសនយោបាយដែរមានតែអ្នកនយោបាយដែលប្រព្រឹត្តិបទឧក្រិដ្ឋដោយខ្លួនឯង។ ប្រទេសជាតិយើងសព្វថ្ងៃកំពុងមានស្ថិរភាពនយោបាយហើយប្រជាពលរដ្ឋទូទាំងប្រទេសក៏កំពុងរស់នៅ និងប្រកបការងារយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាព។

នៅក្នងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដាក់ឈ្មោះផ្លូវដែលអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន លី យ៉ុងផាត ដែលបានលុបមិនអោយមានការយកលុយពីអ្នកដំណើរការពីពេលកន្លងទៅថ្មីៗនេះ ថាជា មហាវិថី “ឈ្នះ-ឈ្នះ” ពីព្រោះផ្លូវនេះនៅស្ថិតនៅតំបន់ដែលយើងបានកសាងស្តូបអនុស្សាវរីយ៍ ឈ្នះ-ឈ្នះនៅតំបន់នេះផងដែរ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារល្អ និងប្រាក់ចំណូលល្អ:

ទី១)ត្រូវរួមគ្នាថែរក្សាសន្តិភាពស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបាន ល្អ។ទី២)រួមគ្នារក្សាការងារនិងបង្កើតការងារថ្មីៗច្រើនថែមទៀតដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។ទី៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំកើន ទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង(សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ(២០១៨)ដើម្បីជួយកម្មករយើងអោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។

ទី៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…)គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃតាមរយៈមូលនិធិសមធម៌។សម្តេចតេជោ បានណែនាំអោយម្ចាស់ក្រុមហ៊ុនរោងចក្ររៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្រ របស់ខ្លួនដើម្បីជួយដល់កម្មករ។ គ្រប់ស្ត្រីកម្មករិនីមានផ្ទៃពោះទាំងអស់ត្រូវបានអនុញ្ញាតិអោយចេញមុនម៉ោង១៥នាទី ចំពោះបណ្តារោងចក្រណាអនុញ្ញាតិអោយកម្មករចេញមុនម៉ោងលើលពីការកំណត់រឹតតែប្រសើរ ហើយសម្តេចតេជោនឹងបំពាក់មេដៃជូន។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូន កម្មការនី អំពីអត្ថប្រយោជន៍មួយទៀតដែលនឹងទទួលបានពីបេឡាសង្គមគឺ:- ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ធឬក្រៅប្រព័ន្ឋដែលសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ថវិកានេះនឹងផ្តល់ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។ កម្មករកម្មការនីទូទាំងប្រទេស នឹងទទួល បានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ចំពោះកីឡាករកីឡាការិនីទាំងអស់ក៏ទទួលបានការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃផងដែរសម្រាប់រយៈពេល២ឆ្នាំហើយទទួលបានបានពិនិត្យថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ចំពោះកីឡាការនីដែលសម្រាលកូនក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន៨០%នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។ ចំពោះស្រ្តីជាមន្រ្តីរាជការស៊ីវិល នគរបាល កងទ័ព គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ បើសម្រាលបានកូន ១ ត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០០៛។ ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភ ដូចខាងលើនេះផងដែរ។ ទី៥)រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្រៅប្រទេសដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករព្រមទាំងជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ធនឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែររាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារ និងប្រាក់ខែល្អៗសម្រាប់បងប្អូនកូនក្មួយកម្មករខ្មែរ ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ។ សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ៤៤៩ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie, FREE ឱបនិង, FREE ថើប ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖